ហ្វីលីពីន: នៅមុននេះបន្តិច ប្រធានាធិបតីថ្មីដែលទើបជាប់ឆ្នោតលោក Rodrigo Duterte បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីហ្វ៊ីលីពីនទី១៦ ជាផ្លូវការហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។
ក្នុងនាមជាប្រធានាធិបតីថ្មី លោកនឹងរៀបចំឲ្យមានការអនុវត្តច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ នាពេលខាងមុខនេះ ហើយលោកក៏នឹងអនុញ្ញាតឲ្យកងកម្លាំងការពារសន្តិសុខមានសិទ្ធិបាញ់សម្លាប់ជនសង្ស័យដែលរឹងទទឹងចំពោះការអនុវត្តច្បាប់ផងដែរ។ ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មនានា ដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងប្រទេសដីកោះមួយនេះផងដែរ។
ក្រៅពីនោះ លោកបានរៀបចំច្បាប់រឹតបន្តឹងសេរីភាពដើរហើររបស់ក្មេងមិនទាន់គ្រប់អាយុ ដោយពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមផ្លូវ ពេលយប់ជ្រៅពេក។ លើសពីនេះទៀត លោកផ្តល់អំណាចពេញលេញដល់ប៉ូលិស បាញ់សម្លាប់ក្រុមអ្នករត់ពន្ធគ្រឿងញៀននិងលើកទឹកចិត្តឲ្យប្រជាជនធម្មតា អាចចាប់ខ្លួនឬសម្លាប់ជនសង្ស័យដែលប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗទៀតដោយខ្លួនឯង៕
មតិយោបល់