ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរសម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត​ យកប្រាក់​ជាង​១២​ម៉ឺន​ដុល្លារ!

ភ្នំពេញៈ កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី​​រំលោភ​លើ​ទំនុកចិត្ត​(​យកលុយ​ចំនួន​១២៧៥០០ដុល្លារ​)​​ដែលប្រព្រឹត្តកាលពី​អំឡុង​ក្នុង​ឆ្នាំ​២០១៥ នៅ​​កា​រ៉ា​ស់​សាំង​សូ​គី​មិច ផ្លូវ លេខ​១១០ ក្រុមទី​៣៣ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទិញ​-​លក់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ លេខ​៥២៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លូវ​បើក​ថ្មី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ បានប្រគល់​ប្រាក់​សរុប​ចំនួន ១២៧៥០០​ដុល្លារ ឲ្យទៅ​ជនសង្ស័យ​ជា​ថ្នូរ​នឹង​ការដាក់​ឡាន​បញ្ចាំ​ទាំង​៩​គ្រឿង​។​​​
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

មតិយោបល់