ព័ត៌មានជាតិ

មន្ត្រីនគរបាលត្រូវជនជាតិចិនចាក់និងអំបែងដបរបួសធ្ងន់

ព្រះសីហនុ: មន្ត្រីនគរបាលម្នាក់ ខណៈចុះបំពេញការងារ ត្រូវបុរសជនជាតិម្នាក់ធ្វើសកម្មភាពយកដបស្រាដែលវាយបំបែកគូទ ធ្វើសកម្មភាពចាក់ប្រហារលើដើ​មទ្រូងត្រូវបីកន្លែង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៦ព្រឹកនៅចំណុចហាង ស្ប៉ាដឺបា ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ។

​តាមសេចក្តីរាយការបានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង០៥ និង៤០នាទីព្រឹក មានម្ចាស់ហាងយីហោ ស្បាដឺបា ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ បានទូរស័ព្ទប្តឹងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ ថា មានជនជាតិចិនម្នាក់ បានមកផឹកស៊ីក្នុងហាងរបស់គាត់តាំងពីម៉ោង១១យប់ ថ្ងៃទី៣១ ខែកក្កដាមកម្លេះ រហូតដល់ព្រឹកថ្ងៃទី០១ ខែសីហា នេះ ហើយបានធ្វើការអុកឡុកក្នុងហាងរបស់គាត់។

ក្រោយពេលទទួលបានបណ្តឹងរាយការណ៍ លោកមេប៉ុស្តិ៍បានចាត់តាំងឱ្យលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍ឲ្យទៅជួយអន្តរាគមន៍ហើយនៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក សៅ សំណាង បានទៅដល់កន្លែងកើតហេតុ ភ្លាមនោះជនជាតិចិនពេល ឃើញសមត្ថកិច្ចទៅដល់ ក៏ទាញយកដបស្រាវាយបំបែកគូទដប ហើយគាត់លាក់នៅក្រោយខ្នង រួចដើរសំដៅមកសមត្ថកិច្ច ហើយបានយកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដបយកមកចាក់ចំដើមទ្រូងសមត្ថកិច្ច បណ្តាលឲ្យត្រូវរបួសបីកន្លែង ក្នុងពេលធ្វើសកម្មភាពនោះ បានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះជួយចាប់ជនជាតិចិននោះចេញ រួចយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនបាយ័ន។

ប្រភព​ឲ្យដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលមាន ឈ្មោះ សៅ សំណាងអាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ (រងរបួសធ្ងន់បីកន្លែង ដេរចំនួន ១៨ថ្នេរ)។ ចំណែកជនសង្ស័យឈ្មោះ HUANG JINAN អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅកាស៊ីណូដាយមិនស៊ី។ បច្ចុប្បន្ន ជនសង្ស័យត្រូវនគរបាលកសាងសំណុំរឿងតាមនីតិវិធី៕

photo_2016-08-01_14-39-17photo_2016-08-01_14-39-18photo_2016-08-01_14-39-19photo_2016-08-01_14-39-20photo_2016-08-01_14-39-21

មតិយោបល់