ភ្នំពេញៈ សាកសពបុរសម្នាក់ត្រូវបានអ្នកច្រូតស្មៅគោប្រទះឃើញស្លាប់ទាំងអាក្រាតកាយ ស្អុយរលួយសល់តែគ្រោងឆ្អឹង នៅក្នុងដីឡូត៍មួយកន្លែងបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅព្រៃត្រែងក្នុងដីឡូត៍មួយកន្លែង ភូមិ១ ក្រុម២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាកសពខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹង នៅជាប់កដៃឆ្វេងជនរងគ្រោះមាននាឡិកាដៃមួយគ្រឿង ពណ៌ស នៅក្បែរសពគេឃើញមានស្បែកជើងប៊ូ ពណ៌ខ្មៅ មួយគូ ខោលីអូពណ៌ខ្មៅមួយ ខោក្រណាត់ជើងវែងពណ៌ប្រផេះមួយ អាវយឺតដៃខ្លីពណ៌ផ្ទៃមេឃមួយ រួមទាំងសំបកស្រោមអនាម័យផងដែរ។
បុរសទាំង២នាក់ដែលបានប្រទះឃើញសាកសពនោះទី១ឈ្មោះ សុះ អាយុ២៤ឆ្នាំ ទី២ឈ្មោះ ពយ អាយុជាង៣០ឆ្នាំ អ្នកទាំង2ជាអ្នកច្រូតស្មៅឲ្យគោ ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រភព័ត៌មានពីបុរសឈ្មោះ សុះ បានឲ្យដឹងថានៅមុនពេលកើតហេតុម៉ោងប្រមាណជាង១២ថ្ងៃត្រង់ថ្ងៃទី២៨គាត់ជាមួយនិងបុរសម្នាក់ទៀតឈ្មោះ ពយ បាននាំគ្នាមកច្រូតស្មៅក្នុងដីឡូត៍ខាងលើហើយឃើញស្មៅច្រើនក៏ដើរចូលទៅខាងក្នុងក្លិនស្អុយៗគាត់ក៏ដើររកមើលក៏ប្រទះឃើញសាកសពតែម្តង។
ក្រោយពេលកើតហេតុគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះពិនិត្យនិងធ្វើកោសល្យវិច័យ៕
មតិយោបល់