ព័ត៌មានជាតិ

ឥណ្ឌា៖ ជាលើកទី២ ក្នុងរវាងមិនដល់២សប្តាហ៍ បានរងគ្រោះដោយខ្យល់ព្យុះជាទុក្ខលំបាកមួយទៀត បន្ថែមពីការឆ្លងរាលដាលកូវីដ១៩

អាជ្ញាធររដ្ឋបង់ហ្កាល់ខាងកើត បានចេញបញ្ជាឲ្យ​បិទព្រលានយន្តហោះក្រុងកាលគូតា។ ដូចគ្នាដែរ​ រដ្ឋ អូឌីស្ហា ក៏បានចេញបញ្ជាឲ្យ​ផ្អាកដំណើរការព្រលានយន្តហោះ ក្រុងភូបានេសវ៉ារ។ ក្រុម​សង្គ្រោះ​ប្រមាណ​​៥ពាន់នាក់ ត្រូវបានគេបញ្ជូនឲ្យត្រៀម ដើម្បីជួយ​ប្រជាជន នៅតាមរដ្ឋទាំង២ ដែលជា​ផ្លូវឆ្លងកាត់របស់ខ្យល់ព្យុះ​Yaas។

សូមរំលឹកថា កាលពីថ្ងៃទី​១៧ឧសភា ខ្យល់ព្យុះស៊ីក្លូនមួយទៀត ឈ្មោះTauktae បានបោកបក់លើរដ្ឋ​គូចារ៉ាត របស់ឥណ្ឌារួចម្តងហើយ ដោយ​បានផ្តាច់ជីវិត មនុស្ស​ប្រមាណ​១៥៥នាក់។ លោក Udaya Regmi​ មន្ត្រីទទួលបន្ទុកសហភាពអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំតំបន់អាស៊ីខាងត្បូង បានលើកឡើងថា ប្រជាជនឥណ្ឌា កំពុងតែរងទុក្ខផ្ទួនៗគ្នា ដោយសារតែបញ្ហាកូវីដ​១៩ និងបន្ថែមជាមួយ​នឹងគ្រោះធម្មជាតិ ខ្យល់ព្យុះសង្ឃរាទាំង២លើកនេះទៀត។

គិតមកត្រឹមពេលនេះ កូវីដ​១៩ បានផ្តាច់ជីវិតប្រជាជនឥណ្ឌា ចំនួន​ប្រមាណ​៣១ម៉ឺននាក់។ប្រជាជនឥណ្ឌាជាច្រើន បានរងគ្រោះដោយ​បាត់បងសមាជិកគ្រួសារ ស្លាប់ដោយសារតែកូវីដ​១៩ តែពេលនេះ ពួកគេត្រូវឆ្លងកាត់ ខ្យល់ព្យុះនៅតាមតំបន់ឆ្នេរខាងកើត។ ទីទាំងចាក់វ៉ាក់សាំង និងធ្វើ​តេស្តយកសំណាក​មួយចំនួន​ នៅក្រុងកាល់គូតា និងក្នុងរដ្ឋ​បង់ហ្កាល់ខាងកើត ត្រូវបង្ខំចិត្តផ្អាកដំណើរការដោយសារតែខ្យល់ព្យុះ។

យោងតាមអ្នកជំនាញ ខ្យល់ព្យុះដែលមានកម្លាំងខ្លាំង នឹងមានកាន់តែញឹកញាប់ នៅតាមតំបន់ឆ្នេរ ទាំងសងខាងប្រទេសឥណ្ឌា ដែលនេះគឺជាផលវិបាកនៃការកើនឡើងកំដៅផែនដី និងកំដៅ​នៃ​ ទឹកសមុទ្រ។ ឈូងសមុទ្របង់ហ្កាល់ គឺជាតំបន់ប្រឈមរងគ្រោះធ្ងន់ធ្ងរបំផុត ជាក់ស្តែងនៅឆ្នាំ​១៩៧០ ព្យុះស៊ីក្លូន បានផ្តាច់ជីវិតមនុស្សប្រមាណ៥សែននាក់ នៅបង់ក្លាដេស។ នៅឆ្នាំ​១៩៩៩ ព្យុះស៊ីក្លូនមួយទៀត បានផ្តាច់ជីវិតមនុស្ស​ប្រាមណ​១ម៉ឺននាក់ នៅ​រដ្ឋអូឌីស្ហា របស់ឥណ្ឌា៕

 

មតិយោបល់