បន្ទាយមានជ័យៈ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង១២និង១០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ផ្ទះដែលរងការឆេះមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ មួន ចាយ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
យោងតាមសម្តីរបស់ឈ្មោះ មួន ចាយ បាននិយាយថាខណៈដែលកំពុងតែដេកលង់លក់ ស្រាប់តែអណ្តាតភ្លើងបានឆាបឆេះឡើងពីចំណុចគុបភ្លើង ហើយភ្លាមៗគាត់ក៏ដាស់ប្រពន្ធកូនរត់ចុះពីលើផ្ទះ ភ្លើងបានគ្រប់គ្រងផ្ទះទាំងស្រុង របស់ទ្រព្យមិនបានកាន់មកជាមួយទេគឺបានឆេះអស់ទាំងស្រុងតែម្តង។
លោក ស៊ិន រ៉ាស៊ី បានបញ្ជាក់ផងដែរថាសម្ភារៈដែលរងខូចខាតសំភារៈរួមមាន ៖ ម៉ូតូចំនួន ១គ្រឿង ,ម៉ាស៊ីនដេរចំនួន២គ្រឿង ,កង់ចំនួន៣គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយករណីនេះមូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី៕
មតិយោបល់