ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

កំពង់ចាមៈ មានករណីអគ្គិភ័យមួយបានឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅព្រះវិហារ នៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយពីទទួលព័ត៌មានភ្លាម លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ បញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់ និង បានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា និងគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងប្រើប្រាស់ទឹកចំនួន២ស៊ីទែន។

ក្នុងនោះដែរ ករណីនេះបណ្តាលឲ្យខូចខាត រួមមាន៖ សម្ភារៈតុបតែង បាល័ង្កព្រះ ,ខូចខាតផ្ទាំង គំនូរពិដានមួយចំនួន, ខូចខាតការូមួយចំនួននិង សម្ភារៈមួយចំនួនទៀត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

ចំណែកមូលហេតុ បណ្តាលមកពីការឆាបឆេះភ្លើងទៀតដុតទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ នៅក្នុងព្រះវិហារ ៕

មតិយោបល់