ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីម ហ្សានីត ២ឆ្នាំទើបបានមួយរោង

ក្រោយពីបានប្រលងជាប់ក្នុងក្របខណ្ឌប៉ូលីសប្រចាំនៅក្រសួងមហាផ្ទៃ តារាសម្ដែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ លោក ឃីម ហ្សានីត បានវិលត្រលប់មកកាន់ការងារសិល្បៈជាថ្មីវិញហើយ ដោយគេឃើញលោកលេចមុខគួរសមក្នុងសកម្មភាពថតស្ពត និងថតម៉ូដសំលៀកបំពាក់ផ្សេងៗ។ យ៉ាងណាមិញ សម្រាប់ការងារថតផ្សាយនូវឈុតសម្អាងការ លោកអះអាងថាខកខានមួយខ្យល់ធំ ដោយរយៈពេល២ឆ្នាំមកហើយ គឺទើបតែបានមួយរោងប៉ុណ្ណោះ តាមរយៈការថតផ្សាយអោយ សម្អាងការ ហ្សាណា ដែលលោកបានថតកាលពីថ្ងៃទី២៨ កញ្ញា។

លោក ឃីម ហ្សានីត និយាយថា ក្រោយពីបញ្ចប់ការងារហ្វឹកហាត់ ហើយទទួលបានការងារពេញសិទ្ធិជាមន្ត្រីប៉ូលិសនៅក្នុងក្រសួងមហាផ្ទៃ លោកបានស្វះស្វែងទទួលការងារសិល្បៈវិញណាស់ ជាពិសេសការងារដែលអាចអោយលោកចេញថតនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍អាទិត្យ ដើម្បីអោយលោកពង្រីកកេរ្តិ៍ឈ្មោះ។ ប៉ុន្តែសម្រាប់ការងារថតរឿង លោកមិនសូវបានទទួលនោះទេ ដោយសារតែហេតុផលការងារជាមន្ត្រីរាជការនៅក្នុងក្រសួង ដែលមិនអាចអោយលោកចេះតែសុំសម្រាកបាន។ ជាង១ឆ្នាំចុងក្រោយនេះ លោកថាខ្លួនអាចទទួលបានតែការងារថតម៉ូដដែលប្រើពេលខ្លីប៉ុណ្ណោះ ប៉ុន្តែចម្លែកត្រង់ថាការងារថតម៉ូដសម្អាងការដែលកាលពីមុនលោកធ្លាប់ទទួលបានច្រើន បែរជាមិនសូវមានទាក់ទងហៅ។ អញ្ជឹងហើយទើបលោកសប្បាយចិត្តដែលត្រូវសម្អាងការហ្សាណា ដែលស្ថិតនៅលើផ្លូវ៣១០ កែងផ្លូវលេខ៦៣ ម្ដុំគ្លីនិកមេគង្គបឹងកេងកង បានទាក់ទងអោយលោកបានថត ដើម្បីបង្ហាញរូបសម្រស់ក្នុងនាមជាឈុតកូនកំលោះជាថ្មី។

លោក ឃីម ហ្សានីត និយាយថា ក្នុងចំណោមការងារថតម៉ូដ លោកស្រឡាញ់ការងារថតផ្សាយពីសម្អាងការជាងគេ ដោយសារតែការងារនេះ ត្រូវធ្វើក្នុងម្លប់ ហើយបានតម្លៃខ្លួនខ្ពស់ បើធៀបនឹងការងារដើរម៉ូដលើឆាក ដែលត្រូវហាត់សមផង និងប្រើពេលច្រើនម៉ោងផង ហើយបានតម្លៃខ្លួនមិនខ្ពស់។ លោករំពឹងថាក្រោយបង្ហាញខ្លួនជាមួយនឹងការថតឈុតសម្អាងការអោយ សម្អាងការហ្សាណា ដែលរួមមានឈុតបែបកូនកំលោះបែបប្រពៃណី បែបកូនកំលោះចិន និងបែបសម័យនេះ នឹងធ្វើអោយលោកទាក់ទាញការងារថតសម្អាងបានបន្តបន្ទាប់ទៀត ដោយសារតែឈុតសម្អាងការគឺលោកពេញចិត្តក្នុងការចេញថត។

កញ្ញា ថៃ ហ្សាណា ម្ចាស់សម្អាងការហ្សាណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យលាភីផ្នែកផាត់ ក្នុងការប្រកួតរបស់ Revelon ប្រចាំខែ១១ ឆ្នាំ២០១៧ និង អ្នកជំនាញផាត់មុខកូនក្រមុំដ៏ជំនាញផង បានអះអាងថា ហេតុផលដែលនាងជ្រើសអោយ ឃីម ហ្សានីត ថតផ្សាយសម្អាងការរបស់ខ្លួនសម្រាប់រដូវកាលថ្មីនៃអាពាហ៍ពិពាហ៍នេះ គឺដោយសារតែតារារូបនេះ មានរូបរាងខ្ពស់ស្រឡះ មាធធំ ហើយមើលទៅមុខមាត់គឺមិនខុសពីតារាកូនកាត់។ ម្យ៉ាងមកពីកញ្ញាគិតថា រូបរាង និងមុខមាត់របស់លោក គឺស័ក្ដសមនឹង ឈុតសម្អាងការស្អាតៗរបស់ខ្លួនផង ទើបទាក់ទងយកលោកអោយមកថតផ្សាយសម្រាប់រដូវកាលថ្មីរបស់ខ្លួន ដោយរូបថតរបស់លោកនឹងត្រូវបានប្រើជាយីហោរបស់ហាងក្នុងពេលបន្ទាប់៕

មតិយោបល់