ព័ត៌មានជាតិ

ខណ្ឌមានជ័យដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យស្រ្តីឆ្លងទន្លេ និងពលរដ្ឋរងគ្រោះភ្លើងឆេះ នៅភូមិត្នោតជ្រុំទី៣

ភ្នំពេញ: នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានដឹកនាំសមាជិក សមាជិកា កាកកបាទក្រហមខណ្ឌ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យជំងឺ និងធ្វើប័ណ្ណលឿង ពិនិត្យសុខភាពជូនស្ត្រីឆ្លងទន្លេ ដែលឆេះក្នុងថ្ងៃកើតហេតុ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សាលារាជធានីភ្នំពេញ ចំនួនគ្រូពេទ្យសរុប១៥នាក់ រួមជាមួយក្រុមយុវជនកាកកបាទក្រហម សង្កាត់ ខណ្ឌជាច្រើនរូប បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយដោយចែកថ្នាំឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ស្មើរនឹង១៣០នាក់ (ទាំងចាស់ទាំងក្មេង) ដែលរងគ្រោះក្នុងមហន្តរាយអគ្គីភ័យឡេបត្របាក់លំនៅឋានអស់ហ្មត់គ្មានសល់កាលពីរសៀលថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅខាងក្រោយ និងស្ថានីយ៍ប៊ូមទឹក ស្ថិតក្នុងភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ការចុះមកពិនិត្យសុខភាព ដោយឥតគិតថ្លៃនៅពេលនេះ គឺមិនមានពាក់ព័ន្ធ និងនិន្នាការនយោបាយអ្វីទាំងអស់ គឺសុទ្ធតែកើតឡើង ដោយសារតែការមើលឃើញនូវទុក្ខលំបាករបស់បងប្អូន ពីសំណាក់ក្រុមអាជ្ញាធរ ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនធំជានិច្ច។ លោកអភិបាលរងបានសម្តែងនូវអារម្មណ៍ក្តុកក្តួល សោកស្តាយយ៉ាងពន់ពេកផងដែរ ចំពោះការបាត់បង់នូវទីជម្រកស្នាក់ប្រាស្រ័យប្រចាំថ្ងៃរបស់បងប្អូន ដោយសារតែមហន្តរាយអគ្គិភ័យ កំណាចចូលមកលេបត្របាក់អស់ហ្មត់គ្មានសល់នៅពេលនេះ ប៉ុន្តែយ៉ាងណាសុំបងប្អូន កុំមានការអស់សង្ឈឹម និងមានវិប្បដិសារីក្នុងជីវិតឲ្យសោះ ព្រោះអស់អ្វីក៏អស់ចុះ តែសុំឲ្យតែជីវិតនៅរុះរានបាន យើងប្រាកដ ជាអាចកសាងវាឡើងវិញនៅពេលក្រោយ។ បន្ថែមពីនោះ អាជ្ញាធរ និងបន្តខិតខំប្រឹងប្រែងខ្នះខ្នែង ក្នុងការរកជំនួយពីទីជិត និងទីឆ្ងាយ ជាពិសេសការសហការជាមួយអង្គការជាដៃគូរ ក្នុងការយកអំណោយ និងជំនួយ សប្បុរសនានា ជួយដល់បងប្អូនជាបន្តបន្ទាប់ នៅពេលក្រោយជាក់ជាមិនខានឡើយ។

បងប្អូនប្រជាពលរដ្ឋ១៣០នាក់ បានថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងរកពាក្យថ្លែង ពុំបានចំពោះអាជ្ញាធរខណ្ឌមានជ័យ គ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ ភូមិ សង្កាត់ ខណ្ឌ និងរាជធានី។

ជាចុងក្រោយឈ្លៀតក្នុងឱកាសដដែលនោះ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រជាប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌមានជ័យ បានមានប្រសាសសន៍ និងផ្ញើក្តីនឹករំឭកយ៉ាងក្រៃលែង ផងដែលពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងអគ្គិភ័យឆេះផ្ទះសរុប៣៣ខ្នង៦៥គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅសរុប ២៥៣នាក់ ក្នុងក្មេងតូចៗប្រុស (៧២នាក់)ក្មេងស្រីតូច(៤១នាក់)។ ថ្វីត្បិតតែពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់តែងតែឋិតនៅក្បែរបងប្អូនជានិច្ច ជានិច្ចកាលសម្តេចតែងក្រើនរំឭក ដល់មន្រ្តីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ជានិច្ចទៅលើប្រជាពលរដ្ឋក្រីក្រ លំបាកតោកយ៉ាក ចាស់ជរាគ្មានទីពឹង អ្នកកើតជំងឺរ៉ាំរៃ និងជាពិសេស ជនមានផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ពីព្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា៕

មតិយោបល់