ព័ត៌មានជាតិ

សមត្ថកិច្ចតាមប្រមាញ់ចោរលួចរថយន្តផ្អើលទាំងយប់

តាកែវ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីម្ចាស់មិនឃើញរថយន្ត ដែលខ្លួនចតនៅមុខផ្ទះបាត់ពីកន្លែង ហើយបានរាយការណ៍មកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចស្រុកបាទី តាមប្រមាញ់ចោរលួចរថយន្តទាំងយប់។

ម្ចាស់រថយន្តឈ្មោះ ស៊ិន ឃុន ភេទប្រុសអាយុ៣០ឆ្នាំ បាននិយាយថា ករណីបាត់រថយន្តនេះកើតឡើងវេលាម៉ោង២និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគាត់ភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ក្រោយពេលដែលគាត់ដឹងថា បាត់រថយន្តក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ទើបឈានដល់ការតាមស្រាវជ្រាវជាបន្ទាន់ រហូតចាប់ខ្លួនបានជនសង្ស័យរួមនឹងរថយន្ត ដែលលួចយកទៅនោះ នៅម៉ោង៣និង២៧នាទីថ្ងៃខែឆ្នាំដដែលនៅស្រុក ត្រាំកក់ ខេត្តតាកែវ។

លោកអធិការស្រុកបាទីបានឲ្យដឹងថា ក្រោយកម្លាំងជំនាញរបស់លោកទទួលបានព័ត៌មានករណីចោរលួចរថយន្តពីជនរងគ្រោះរួចមក កម្លាំងរបស់លោកបានដុតដៃដុតជើងតាមប្រមាញ់រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកតែម្តង។

លោកបន្តទៀតថា ជនសង្ស័យករណីលូចរថយន្តនេះមានឈ្មោះ ផាវ សុភា ភេទប្រុសអាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិគា ឃុំគា ស្រុកមោងឫស្សីខេត្តបាត់ដំបង ហើយជនសង្ស័យនេះត្រូវបានលោក អធិការបញ្ជាក់ថា ជាជនសកម្មក្នុងការលួចរថយន្តប្រភេទកូរ៉េដឹកកម្មករកន្លង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីកំពុងសាកសួរព័ត៌មានបន្ថែមទាក់ទងនិងបក្ខពួក និងទីកន្លែងដែលខ្លួនធ្លាប់យករថយន្តដែលលួចបានយកទៅលក់ឲ្យដើម្បីឈានទៅដល់ការបង្ក្រាបទាំងសំបុកយកមកចាត់ការតាមនីតិវិធី៕

មតិយោបល់