ព័ត៌មានជាតិ

ពលរដ្ឋខ្មែរចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន ខណៈចូលកាប់ឈើក្នុងតំបន់ហាមឃាត់

បាត់ដំបង: ពលរដ្ឋខ្មែរចំនួន៤នាក់ ក្នុងចំណោមគ្នាប្រមាណ៣០នាក់ ដែលស៊ីឈ្នួលកាប់ឈើ និងលីឈើគ្រញូង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ារ៉ាថៃ ឃាត់ខ្លួនដើម្បីបញ្ជូនទៅកាន់អង្គភាពជំនាញ ខណ:ពួកគេ បានលបចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដែលស្ថិតក្នុងតំបន់ហាមឃាត់។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការ គឺកម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍មួយពីប្រជាពលរដ្ឋ ដែលចូលទៅរកវល្លិ៍ និងរកផ្សិតបានបញ្ជាក់ថា មានមនុស្សមួយក្រុមប្រមាណ៣០នាក់ បាន និងកំពុងស្ពាយឈើគ្រញូងចុះពីជួរភ្នំវ៉ាំងក្រាក់ថ: នៅចំកណ្តាលឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងភូមិ៨ ឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណ:ខន ខេត្តស្រះកែវ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះរួចមក គឺកម្លាំងមេព្រៃប្រចាំតំបន់ហ៊ួយឆាន់ បានធ្វើការសហការជាមួយក្រុមអភិរក្ស ឧទ្យានជាតិប៉ាងស៊ីដា កម្លាំងយោធា និងក្រុមតម្រួតថៃជាច្រើននាក់បានចេញប្រតិបត្តិការទៅកាន់ចំណុចខាងលើ ដោយធ្វើការឡោមព័ទ្ធ ក៏បានប្រទះឃើញមនុស្សជាច្រើននាក់ កំពុងស្ពាយឈើគ្រញូងចុះពីតំបន់ភ្នំ មកបន្តកន្ទុយគ្នាមែន។

ប្រភពដដែលបន្តថា គ្រាន់តែឃើញកម្លាំងចម្រុះភ្លាមពួកគេបានធ្វើជាសញ្ញា ដើម្បីឲ្យគ្នីគ្នាទម្លាក់ឈើចោល ហើយរត់យករួចខ្លួនរៀងៗខ្លួនដោយបន្សល់ឈើគ្រញូងនៅទីនោះសរុបចំនួន៥០ដុំ ព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដើម្បីនាំយកមកកាន់ស្នាក់ការធ្វើការសាកសួរ ដោយជនទាំង៤នាក់ នោះគឺជាកម្មករខ្មែរ ដែលមានមេក្លោងជាជនជាតិថៃ បានដឹកនាំកម្លាំងនេះឲ្យចូលទៅកាប់ឈើទាំងនេះ។

ពលរដ្ឋខ្មែរទាំង៤នាក់នោះ ទី១.ឈ្មោះ សឿ ហ៊ុ ភេទប្រុស អាយុ៣៥ឆ្នាំ ទី២.ឈ្មោះ គុណ ផាកុល ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣.ឈ្មោះ ហេន សំអាត ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៤.ឈ្មោះ រ៉េត បោយ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ពួកគេបានសារភាពថា ពួកគេមានគ្នាប្រមាណ៣០នាក់ ដោយបែងចែកជាពីរក្រុម គឺក្រុមទីមួយជាអ្នកចូលទៅកាប់ និងជ្រៀក ឯក្រុមទីពីរគឺជា អ្នកស្ពាយចុះពីភ្នំ ហើយពួកគេត្រូវមេឈ្មួញថៃជួលឲ្យស្ពាយឈើនេះចេញពីតំបន់ឧទ្យាន ថាប់ឡាន ក្នុងខេត្តប្រាជីនបុរី ដោយដើរកាត់ព្រៃចេញទៅតំបន់ ប៉ាងស៊ីដា ហើយចុះពីភ្នំវ៉ាំងក្រាក់ថ: ទើបមានរថយន្តមកចាំដឹកនៅទីនោះ។

បច្ចុប្បន្នក្រោយពេលចុះកិច្ចប្រតិបត្តិការ កម្លាំងជំនាញបានប្រមូលឈើគ្រញូងទាំង៥០ដុំ យកទៅរក្សាទុកនៅស្នាក់ការ ដោយឡែកកម្មករខ្មែរទាំង៤នាក់ ក៏កំពុងនាំខ្លួនយកទៅសាកសួរបន្តនៅអង្គភាព ជំនាញក្នុងខេត្តស្រះកែវដែរ៕

មតិយោបល់