ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងសេដ្ឋកិច្ចអញ្ជើញ តំណាងគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋមកពន្យល់ណែនាំអំពីការរៀបចំច្បាប់ថវិកាឆ្នាំ២០១៧

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋ ព្រមទាំងប្រធានអង្គភាពថវិការបស់ក្រសួងស្ថាប័នដែលអនុវត្តថវិកាកម្មវិធីផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងនាមលោក ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រដ្ឋលេខាធិការ វង្សី វិស្សុត បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះ មានគោលបំណងចែករំលែកគោលការណ៍សំខាន់ៗ, ព័ត៌មាន ការយល់ដឹងអំពីការរៀបចំថវិកាសម្រាប់ឆ្នាំ២០១៧ និង ផ្លាស់ប្តូរមតិយោបល់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំថវិកាកាន់តែមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យបានកាន់តែប្រសើរឡើងនូវផល ប្រយោជន៍របស់ប្រទេសជាតិ, ការអភិវឌ្ឍប្រទេស និងការធានាបាននូវប្រតិបត្តិការរបស់រដ្ឋ ព្រមទាំងការបង្កើនគុណភាពសេវាសាធារណ:។ កិច្ចប្រជុំនេះ ក៏មានគោលបំណងធ្វើការពិគ្រោះយោបល់ ដើម្បីធ្វើការផ្លាស់ប្តូរទស្សន:នៅក្នុងការរៀបចំថវិកា ក្នុងគោលដៅដើម្បីបង្កើនទាំង ប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ទាំងប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការថវិកា ជាពិសេសដើម្បីមានភាពងាយស្រួលក្នុងពេលចរចាថវិការវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងសាមីក្រសួងស្ថាប័នទាំងអស់ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ប្រទេសកម្ពុជា លោក រដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងផងដែរថា ការរៀបចំថវិកាឆ្នាំ ២០១៧ គឺប្រៀបប្រដូចទៅនឹងការសាង សង់ស្ពានផង និងជាការបុកគ្រឹះផង។ ថវិកាជាស្ពាន គឺមានន័យថា ថវិកាឆ្នាំ២០១៧ គឺស្ពានចម្លងកម្ពុជា ពីប្រទេសក្រីក្រទៅជាប្រទេសចំណូល មធ្យម និងកាន់តែរីកចម្រើន។ ដោយឡែក ចំពោះថវិកាជាការបុកគ្រឹះវិញ គឺមានន័យថា ថវិកាឆ្នាំ២០១៧ ជាការកសាងជន្ទល់ទ្រទ្រង់កំណើន សេដ្ឋកិច្ចរយ:ពេលវែង សម្រាប់កូនចៅជំនាន់ក្រោយ ពោលគឺដើម្បីជាមូលដ្ឋានក្នុងឈានឡើងទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ពាក់ព័ន្ធនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៧ លោករដ្ឋលេខាធិការ មានប្រសាសន៍ថាជារួម សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៧ នឹងនៅតែអាចបន្ តរក្សាបាននូវកំណើនយ៉ាងរឹងមាំ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាកំណើនតិចរបស់វិស័យកសិកម្ម និងត្រូវធ្វើពិពិធកម្មផលិតផលនិង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បន្ថែមទៀត ព្រមទាំងការយកចិត្តទុកដាក់ដល់ហានិភ័យនៃវិស័យឥណទាន និងអចលនទ្រព្យ។ ជាមួយគ្នានេះ កម្ពុជាត្រូវខិតខំបង្កើនការទាក់ទាញការវិនិយោគផ្ទាល់មកពីបរទេសបន្ថែមទៀត ជាពិសេសដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម តាមរយ:ការកាត់បន្ថយចំណាយខ្ពស់ក្នុងការវិនិយោគ និងពាណិជ្ជកម្មនិងធុរកិច្ច, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការកែលម្អស្ថាប័ន និងអភិបាលកិច្ច។

ចំពោះក្របខ័ណ្ឌចំណូលថវិកាវិញ រាជរដ្ឋាភិបាលនឹងបង្កើនការប្រមូលចំណូលចរន្តសរុបបន្ថែមឱ្យបានស្មើនឹង ០,៥៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៦ ដើម្បីឈានទៅសម្រេចឱ្យបាន ១៨,២៤% នៃ ផសស នៅ២០១៧ ដែលក្របខណ្ឌចំណូលនេះ បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លា ក្នុងការកៀរគរចំណូលគ្រប់ប្រភេទ ទាំងផ្នែកចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។

ដោយឡែក ចំពោះក្របខ័ណ្ឌចំណាយថវិកាឆ្នាំ២០១៧ វិញ គឺនឹងបន្តតម្រង់ផ្តោតទៅលើការបង្កើនគុណភាពនៃសេវាធារណ: និងគាំទ្រដល់ចលន កានៃការកែទម្រង់ស៊ីជម្រៅលើវិស័យសំខាន់ៗ ជាពិសេសការបន្តដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ ដើម្បីឈានសម្រេចគោលដៅបៀវត្សអប្បរ មាច្រើនជាង ១ លានរៀល នៅឆ្នាំ២០១៨ ព្រមទាំងបង្កើនការវិនិយោគដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន៕

qqqq wwww

មតិយោបល់