ព័ត៌មានជាតិ

បើក​ម៉ូតូ​ឆ្លង​ផ្លូវ​ចំពេល​មេឃ​កំពុងភ្លៀង​ មិន​ប្រយ័ត្ន​ក៏ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ បណ្ដាលឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

ភ្នំពេញៈ​ បុរស​ម្នាក់ បានជិះម៉ូតូ​ឆ្លង​ផ្លូវ​មិន​​ប្រយ័ត្ន ចំពេល​មេឃកំពុង​ភ្លៀង ក៏ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​បណ្តាល​ឲ្យ​រងរបួសធ្ងន់ និងស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​កាលពីវេលាម៉ោង​ ​១០​យប់​ថ្ងៃ​ទី​២ ខែ​តុលា​ ឆ្នាំ​២០១៨​នៅ​មុខ​ផែស្ងួត​តិច​ស្រ៊ុន​ ស្ថិតនៅ​ភូមិ​ជម្ពូវ័ន ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

សព​ជនរងគ្រោះ​​ឈ្មោះ​ អ៊ុន​ ផាន់ណារ៉ា​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ អ្នកបើក​រថយន្ត ​ស្នាក់នៅ​ភូមិ​អង្គកែវ ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ មាន​ស្រុកកំណើតនៅ​ភូមិ​ អង្គ​តាភោគ​ឃុំ​សន្លុង​ ស្រុកត្រាំង​ ខេត្ត​តាកែវ​ដោយ​បានជិះ​ម៉ូតូ​ ម៉ាកឌ្រីម​សង់ ​ស៊េរី​២០១៧​ ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ​តាកែវ​​1​N-7653 ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លង​ផ្លូវ​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៥ ពណ៌​ខ្មៅ ​ពាក់ស្លាក​ភ្នំពេញ​1CR-5139 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​រងរបួស​ស្រាល​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ ​បាន​ប្រាប់ឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុ​ គេ​ឃើញ​ជន​រងគ្រោះ​ បានជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ចំពេលមេឃកំពុង​ភ្លៀង​រលឹម​ស្រិច​ៗ​ ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ឡើយ ហើយ​បាន​ម៉ូតូបត់​ឆ្លង​ផ្លូវមិនប្រយ័ត្ន ក៏ម៉ូតូមួយគ្រឿងទៀត បើកក្នុង​ល្បឿន​លឿន​ ក្នុង​ទិស​ដៅ​ពី​លិច​​ទៅ​កើតបុក​ម៉ូតូ​ជនរងគ្រោះ ​ចំពាក់​កណ្តាល​ម៉ូតូ​ បណ្តាល​ឲ្យ​ឌួល​បោក​នឹង​ថ្នល់​បែក​ក្បាល​ហូ​រ​ឈាម​ស្រោច​ពេញ​ក្បាល​ ហើយ​ម្នាក់​ទៀត​រង​របួស​ស្រាល ​ខណៈដែល​ម៉ូតូ​ទាំង​២គ្រឿង​គរ​លើ​គ្នា​។ ​​ភ្លាមៗ​ នោះ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ខាងលើ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯក​ជន​សម្ភព​រស្មី​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ផងដែរ​ ​ប៉ុន្តែ​ជា​អកុសល​រថយន្ត​សង្គ្រោះ​ដឹក​ចេញ​បាន​បន្តិច​ ជនរងគ្រោះ​ខាងលើ​ បាន​ដាច់​ខ្យល់​ស្លាប់តែម្ដង​។

ក្រោយ​​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​កើតហេតុ​ រួច​​ទាក់​ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​មកធ្វើការ​វាស់​វែង​ ​និង​ធ្វើ​លិខិត​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។ ចំណែក​ ម៉ូតូ​ទាំង​២គ្រឿង​ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

មតិយោបល់