ព័ត៌មានជាតិ

ថ្លើមធំ! អាងងារជាមន្រ្តីអង្គរក្ស ដកកាំភ្លើងគំរាមសន្តិសុខ

ភ្នំពេញៈ មន្ត្រីនៅអង្គភាពបញ្ជាការដ្ឋានអង្គរក្សកងអន្តរាគមន៍៥១១ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនភ្លាមៗ ព្រមទាំងដកហូតអាវុធខ្លី១ដើម បន្ទាប់មន្ត្រីរូបនេះបានដកកាំភ្លើងគំរាមបាញ់លើ ជនរងគ្រោះម្នាក់ជាប្រធានសន្តិសុខនៅសុរិយាម៉លបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៦ នៅចំណុចការិយាល័យផ្សារសុរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុ វ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជា អង្គរក្សនៅអង្គភាពបញ្ជាការដ្ឋានកងអន្តរាគមន៍៥១១ ឋានៈអនុសេនីយ៍ឯក និងជាសន្តិសុខផ្សារសុរិយាម៉លយាមវេនថ្ងៃ។ រីឯជនរងគ្រោះឈ្មោះ អ៊ិន ពៅ (ហៅអឹមវ័ន) ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាប្រធានសន្តិសុខផ្សារ សុរិយាម៉លវេនយប់ ស្នាក់នៅផ្ទះលេខ៦២៨ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់កើតហេតុ ជនសង្ស័យជាមន្ត្រីអង្គរក្សបានដើរចូល ទៅក្នុងការិយាល័យផ្សារសុរិយាម៉លក្នុងស្ថានភាពស្រវឹងជោគជាំ ជាមួយនិងបក្ខពួក៣នាក់ទៀត ខណៈនោះជនរងគ្រោះ ដែលជាប្រធានសន្តិសុខផ្សារសុរិយាម៉លយាមវេនយប់ បានសួរនាំទៅកាន់ជនសង្ស័យថា ហេតុអ្វីបានជានាំអ្នកក្រៅចូលមកក្នុងការិយាល័យ ដោយគ្មានការអនុញ្ញាតពីរូបគេទៅវិញ ហើយបានទាស់ពាក្យសំដីគ្នាទៅវិញទៅមក បណ្ដាលឲ្យមន្ត្រីកងអង្គរក្សបានដកកាំភ្លើងខ្លីម៉ាកK៥៤ពីចង្កេះអាម៉េបញ្ចូលគ្រាប់គំរាមបាញ់ទៅលើជនរងគ្រោះតែម្ដង។ តែពុំទាន់បានផ្ទុះអាវុធផង ក៏ត្រូវក្រុមសន្តិសុខដែលបានឃើញហេតុការណ៍បានរាយការណ៍ទៅកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ ដូនពេញមកជួយអន្តរាគមន៍ ឃាត់ខ្លួនមន្ត្រីអង្គរក្សនោះភ្លាមៗតែម្ដង។ ជាមួយគ្នានោះ កម្លាំងអាវុធហត្ថខណ្ឌបានដកហូតកាំភ្លើងខ្លី១ដើមម៉ាកK៥៤ រួមជាមួយគ្រាប់ចំនួន៧គ្រាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ រៀបចំកសាងបញ្ជូនខ្លួនបន្តទៅកាន់ជំនាញការយាល័យអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់