ព័ត៌មានជាតិ

លួចរថយន្តពីជម្ពូវ័នមកប្លុងចោលនៅសង្កាត់ត្រពាំងក្រសាំង

ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងរបស់សាលាភាសាជួលសម្រាប់ដឹកសិស្សត្រូវបានជនសង្ស័យលួចយកទៅបាត់តាំងពីយប់ ដោយសុវត្ថិភាព លុះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៦ នៅកន្លែងផ្ញើររថយន្ត ផ្ទះលេខ១៤៧ផ្លូវលំភូមិជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយមកម្ចាស់រថយន្តបានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយស្រាវជ្រាវ។ លុះក្រោយមកស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំងបានរាយការណ៍មកថា ប្រទះឃើញរថយន្ត មួយគ្រឿង ត្រូវបានគេយកប្លុងចោលនៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំងទើបម្ចាស់ទៅមើលឃើញថា ពិតជារថយន្តដែលបានបាត់កាលពីយប់មែន។

រថយន្តដែលជនសង្ស័យលួចយកទៅនោះ ម៉ាកសាំយ៉ុង ពណ៌ស មានបិទតែម តាមជញ្ជាំង សាលាអន្តរជាតិ អាមេរិចកាំងប្រីដ ពាក់ស្លាកលេខភ្នំពេញ 2AF-4890 មានម្ចាស់ឈ្មោះ អូយ ម៉េងហួរ ប្រុសអាយុ៣៨ឆ្នាំស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើតាមសំដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា រថយន្តខាងលើជារបស់ខ្លួនបានជួលដាក់ខែឲ្យទៅសាលាអន្តរជាតិ អាមេរិចកាំងប្រីដដែលមានទីតាំងនៅជាប់សាលាសង្កាត់ចោមចៅក្នុង១ខែ ៥០០ដុល្លារ ហើយខ្លួនជាអ្នកបើកបរ ក្នុងការដឹកជញ្ជូនសិស្ស។

ជនរងគ្រោះបន្តទៀតថា បន្ទាប់ជួលកន្លែងស្នាក់នៅ ពុំមានទីធ្លាសម្រាប់ចតរថយន្ត ទើបទៅជួលផ្ទះលេខ១៤៧ ផ្លូវលំក្រោយផ្សារជម្ពូវ័ន មានម្ចាស់ផ្ទះ ឈ្មោះ គឹម ស៊ិនស៊ីដា ភេទប្រុស អាយុ២៧ឆ្នាំ ដើម្បីផ្ញើរថយន្តក្នុង១ខែតម្លៃ ១៥ដុល្លារ ដោយមិននឹកស្មានថា មានជនសង្ស័យលួចដូច្នោះសោះ៕

//youtu.be/orZJyzkHnkc

មតិយោបល់