ព័ត៌មានជាតិ

សមាជិករដ្ឋាភិបាលម្នាក់ បើករថយន្តបុកមនុស្សស្លាប់ និងរបួសធ្ងន់ ត្រូវគេដោះលេងស្ងាត់ៗ

(កណ្តាល): លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាឲ្យនគរបាលដោះលែងលោក នួន សាម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអតីតអភិបាលរងសាលារាជធានីភ្នំពេញ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីឃាត់ខ្លួនរយះពេលមួយថ្ងៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅចំណុចចន្លោះគីឡូម៉ែត្រ១២ និង២២ ត្រង់ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ទោះជាលោក នួន សាម៉េត ត្រូវបានដោះលែងឲ្យមានសេរីភាពក្តី ក៏សំណុំរឿងមិនបានបិទបញ្ចប់ទេ ពោលគឺបានបញ្ចូនមកតុលាការដើម្បីចាត់ការបន្ត។

ប៉ុន្តែ ប្រជាពលរដ្ឋ បានចាត់ទុកថា ការសម្រេចនេះមានភាពមិនប្រក្រតីព្រោះ រថយន្តបង្កបានបុកឆ្លងចូលចំណែកផ្លូវម៉ូតូទាំងស្រុង ហើយជាងនេះទៀត ជនរងគ្រោះពុំទាន់ទទួលបានសំណងសូម្បីមួយរៀលទេ។ 
បើយកករណីនេះ ទៅប្រៀបធៀបជាមួយនឹងករណីគ្រោះថ្នាក់ចរាចរផ្សេងៗទៀត លើទឹកដីខេត្តកណ្ដាល ឃើញថាមានភាពអយុត្តិធម៌ណាស់ ពោលគឺ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល អនុវត្តច្បាប់តាមរបៀប ករណីតែមួយមានស្តង់ដារពីរ។ សរុបមក ប្រជាពលរដ្ឋយល់ថាចំណាត់ការនេះ គឺអ្នកធំរួចខ្លួនអ្នកតូចជាប់គុក។ 
គួររំលឹកថា លោក លឹម សុគន្ថា កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យនគរបាលឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ ដែលធ្វេសប្រហែសបណ្តាលឲ្យធ្លាក់រថយន្តចូលទឹកទន្លេ នៅស្រុកស្អាង នាំឲ្យមនុស្សតូចធំ៧នាក់ស្លាប់ និង ឃាត់ខ្លួន អ្នកបើកទូកដម្នាក់។ ក្រោយមក បានដោះលែងវិញ តែត្រូវចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។
ចំពោះករណីខាងលើនេះ ភ្នាក់ងារយើង មិនអាចសុំការបំភ្លឺ ពីលោកលឹម សុគន្ថា បានឡើយជុំវិញការលើកឡើងនេះ៕

  

មតិយោបល់