ព័ត៌មានជាតិ

អ្នកស្លាប់ដោយសារពុលស្រាថ្នាំចិនសែ តាំង កួយ ២នាក់បន្ថែមទៀត សរុប០៦នាក់ និង៣២នាក់កំពុងសម្រាកព្យាបាល

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរនូវប្រភេទ ស្រាថ្នាំឈ្មោះស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែន តាំង កួយ នេះ បណ្តាឲ្យស្លាប់ និងយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានស្លាប់ដោយសង្ស័យថា ពុលស្រាចិនសែន តាំង កួយ កើនឡើង០២នាក់បន្ថែមទៀត សរុបចំនួន០៦ នាក់ និងត្រូវបានសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងសរុបចំនួន៣២នាក់ ហើយបានបញ្ជូនទៅពេទ្យសៀមរាបចំនួន០៣នាក់ និងម្នាក់ធ្ងន់កំពុងលាងឈាមសង្គ្រោះបន្ទាន់ ។
ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះ កាលពីថ្ងៃទី ១០.១១ ខែ​មិថុនា ឆ្នាំ២០២០ មកទល់ពេលនេះ មន្រ្តីសាខាកាំកុងត្រូលខេត្ត មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចំរុះ បានចុះធ្វើការដកហូតប្រភេទស្រាថ្នាំចិនសែន ម៉ាក តាំង កួយ ដែលគេសង្ស័យថា មានសារធាតុពុល បណ្តាលឲ្យមនុស្សស្លាប់ និងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់ ។

ជាលទ្ធផលសរុបដែលមន្រ្តីជំនាញដកហូត បាននូវប្រភេទស្រាថ្នាំចិនសែន តាំង កួយ នេះរួមមាន៖ ក្រុងសិរីសោភ័ណ ១ទីតាំងសរុបចំនួន​៩១៨ដបស្មើ និង ៤៥៩លីត្រ ស្រុកថ្មពួក៣ទីតាំងមាន ១៤៤ ដបស្មើ ៧២ លីត្រ ក្រុងប៉ោយប៉ែត១៥ ទីតាំងមានចំនួន១២,៩២៧ ដបស្មើ ៦,៤៦៣លីត្រ សរុប១៩ ទីតាំងស្មើ១៣,៩៨៩ដប និង ៦៩,៩៤៥លីត្រ ។

សូមបញ្ជាក់ថា លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបានឲ្យដឹងថា នាថ្ងៃបន្ទាប់ មន្រ្តីជំនាញ បានចុះធ្វើការដកហូតនូវប្រភេទ ស្រាថ្នាំចិនសែន តាំង កួយ នេះជាបន្តបន្ទាប់ក្នុងផ្សារ ឬតូបលក់តាមភូមិ​ ឃុំមួយចំនួនក្នុងខេត្តបន្តទៀត ៕

មតិយោបល់