ភ្នំពេញៈ បុរសម្នាក់បើករថយន្តឡិចស៊ីសRX300មួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវដែលក្រសួងសាធារណៈកាលដាក់មិនស្មើគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបទើបបង្កើតថ្មី ខាងមុខច្រកចូលផ្សារទួលគោក តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7555 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដោយមិនប្រយ័ត្នរថយន្តខាងលើក៏ជ្រុលចង្កូតទៅនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់។ ចំណែកឯរថយន្តរងការខូចខាតដាច់ក្រឡេកង់និងកំពិតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុហើយបានធ្វើការស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
គួរបញ្ជាក់ថានោះជាលើកទី៣ហើយដែលមានរថយន្តបើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវខាងលើដែលទើបតែដាក់បានប្រមាណជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ ដោយរយៈពេលកន្លងទៅ២ -៣ថ្ងៃថ្មីៗនេះ ក៏មានរថយន្ត២គ្រឿងបានបើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវខាងលើជាបន្តបន្ទាប់ ដែលបង្កឲ្យបុរសម្នាក់បានបាក់កស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួស។ ហើយប្រជាពលរដ្ឋដែលរស់ជុំវិញកន្លែងកើតហេតុនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានរអ៊ូរទាំនិងសម្ដែងការមិនពេញចិត្តចំពោះក្រសួងសាធារណៈការ ដែលដាក់របាំងថ្មពុះចែកទ្រូងផ្លូវមិនស្មើគ្នានៅត្រង់ចំណុចដែលមានភ្លើងស្តុបស្ទើរតែគ្រប់ផ្លូវដែលមានរបាំងដាក់ ពោលគឺមានភាពធំម្ខាងនិងតូចម្ខាង ដែលហេតុនេះធ្វើឲ្យអ្នកបើកបរយានជំនិះពិបាកក្នុងការគេច ហើយបើកមិនបានប្រុងប្រយ័ត្នទេនោះគឺនិងបុកដូចករណីខាងលើតែម្តង៕







មតិយោបល់