ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យតៃកុងរងរបួស កាលពីវេលាម៉ោង ៧ និង៥៣នាទីព្រឹកថ្ងៃទី៥ តុលា ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចផ្សារក្រោលគោ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិព្រៃតាញ៉យ ឃុំក្រោលគោស្រុកស្វាយជ្រំ។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-4429 បើកវ៉ាជែងរថយន្តកុងតឺន័រដូចគ្នា តែវ៉ាមិនផុតក៏បុកគូទគ្នា ពីក្រោយពេញទំហឹង បណ្តាលឲ្យខូចកាប៊ីន មុខខ្ទេចយ៉ាងដំណំ បណ្តាលឲ្យតៃកុងរងរបួសធ្ងន់។
ក្រោយពីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ភ្លាមៗនោះតៃកុងរងរបួសបានគេចខ្លួនបាត់ភ្លាមៗ បន្សល់ទុករថយន្តខូចនៅកណ្តាលថ្នល់តែម្តង រីឯរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលគេបុកពីក្រោយបានបន្ថែមល្បឿន ទៅបាត់ស្រមោលដែរ ទុកឲ្យសមត្ថកិច្ចដេកយាមមួយយប់ទល់ភ្លឺ រហូតដល់ម៉ោង១០ព្រឹក ទើបឃើញម្ចាស់រថយន្តយករថយន្តមកសាងកន្ទុយរ៉ឺម៉កទៅរាជធានីភ្នំពេញ និងស្ទូចក្បាលរថយន្តយកទៅជួសជុលដោយខ្លួនឯង។
ករណីនេះ កើតទ្បើងដោយសារបើកវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់