ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរារណ៍ ដោយបុរសម្នាក់ បានជិះម៉ូតូមកពីលេងប្រពន្ធ បន្ទាប់ពីបុណ្យភ្ជុំចប់ ក៏ត្រូវរថយន្ដស៊េរីទំនើប បុកស្លាប់នៅលើដងផ្លូវជាតិលេខ៤។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឈឹម ចាន់ណា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតគេឃើញជនរងគ្រោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ដោយមានរថយន្ដមួយគ្រឿងម៉ាក លុចស៊ីសNX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-3871 បានធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿន ហើយក៏បានបើកបុកម៉ូតូជនរងគ្រោះ ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1E-5545 ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំតែម្ដង ក្នុងអំឡុងពេលនោះ រថយន្តបង្កបានបន្តទៅមុខប្រហែល៥០ម៉ែត្រ ទើបរថយន្តខូចមិនអាចទៅមុខបាន ដោយម្ចាស់រថយន្ដបង្ក ត្រូវប្រជាពលរដ្ឋឃាត់បានឲ្យសមត្ថកិច្ច តែមិនដឹងយ៉ាងម៉េច បានជាម្ចាស់រថយន្តបង្កបែរជាអាចរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុទៅវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់