ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ និងខណ្ឌចំការមន បានសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពប្លន់ ដោយយកកាំបិតភ្ជង់ យកលុយពីបុគ្គលិកណេតត្រឹមតែ២៣០០ដុល្លារ នៅហាង ណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ តាំង ង៉ិចហាវ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
ចំណែកជនរងគ្រោះ មានឈ្មោះ រ៉ុន គឹមលាង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកអ៊ីនធើណេត វី អេ ធូ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៦៧បេតេ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ១១ និង ០០ នាទីយប់ ដោយមានសការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង ខណ្ឌដូនពេញ។
វត្ថុតាងដកហូតវត្ថុ រួមមាន៖ ម៉ូតូម៉ាក៊ូហ្គុន ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ រ៨២៨៨ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១ និងកូនកាំបិតចិតបន្លែចំបួន០១ ។ បច្ចុប្បបន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូលទៅកាន់តុលាការ ដើម្បីចាត់ការនិតិវិធី៕
មតិយោបល់