ព័ត៌មានជាតិ

ស្នងការខេត្តព្រៃវែងចេញបំភ្លឺហើយ៖ ម្នាក់ៗភ័យដេកលែងលក់ចោរមុខដដែលៗ ដើរគាស់ផ្ទះអ្នកភូមិរាល់យប់អាជ្ញាធរមិនខ្វល់ នៅស្រុកពាមរក៏

ព្រៃវែងៈ យោងតាមផេកស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា សេចក្ដីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំពោះសារពត៌មានដែលចុះផ្សាយថា ម្នាក់ៗភ័យដេកលែងលក់ចោរមុខដដែលៗ ដើរគាស់ផ្ទះអ្នកភូមិរាល់យប់អាជ្ញាធរមិនខ្វល់ នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសារធារណៈជនឲ្យបានជ្រាបថា៖
ក្រោយពីចុះស្រាវជ្រាវ មកដល់ទីតាំងកើតហេតុនៅផ្ទះជនរងគ្រោះឈ្មោះ ពៅ ស៊ាត នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ឃើញថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ពិតជាមានករណីចោរកម្ម(លួចម៉ូតូបាត់មួយគ្រឿង)ពិតមែន។ រួចសមត្ថកិច្ចបានបំពេញសំណុំរឿងតាមនីតិវិធី ដោយកំណត់មុខសញ្ញាជនសង្ស័យបានហើយ។
លើសពីនេះទៅទៀតស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចាត់ឲ្យកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ចុះល្បាតតាមបណ្ដាក្រុង/ស្រុក ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេង។

ការលើកឡើងរបស់ជនរងគ្រោះថា ក្រោយកើតហេតុបានប្ដឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ហើយតែសមត្ថកិច្ចឆ្លើយថា ផុតម៉ោងរដ្ឋបាល និងថាឲ្យប្ដឹងប៉ុស្ដិ៍វិទ្យុ ABC នោះពុំពិតឡើយ ព្រោះក្រោយពេលកើតហេតុជាងកន្លះម៉ោង ជនរងគ្រោះបានទូរស័ព្ទមកលោកមេប៉ុស្ដិ៍ ហើយលោកមេប៉ុស្ដិ៍បានដឹកនាំកម្លាំងតាមភ្លាម។

ដោយឡែកសារពត៌មានដែលចុះផ្សាយថា នៅខែនេះមានករណីចោរលួចម៉ូតូអស់ចំនួន ៣គ្រឿងនោះមិនពិតទេ គឺមានតែ១គ្រឿង តែប៉ុណ្ណោះចំពោះករណីខាងលើនេះទេ៕

មតិយោបល់