ភ្នំពេញៈ បុរសម្នាក់ដើរបណ្តើរលេងទូរសព្ទដៃបណ្តើរ ហើយក៏មានម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់តែមិនបានសម្រេចបណ្តាលឲ្យដួលម៉ូតូចាប់បានម្នាក់រត់រួចម្នាក់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចក្បែរផ្សារទួលគោក តាមបណ្តោយផ្លូវលេខ៣០៧ កែងនិងផ្លូវលេខ៥៨៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីពីបុរសជាជនរងគ្រោះសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដើរតាមបណ្តោយផ្លូវ៣០៧ ក្នុងទិសដៅពីត្បូងទៅជើង ដោយទើបតែយកម៉ូតូទៅផ្ញើនៅផ្សារទួលគោក បំណងដើរទៅបន្ទប់ជួលវិញនៅក្បែរកន្លែងកើតហេតុ។ ខណៈដែលដើរតាមផ្លូវគាត់ក៏បានដកទូរសព្ទដៃមួយគ្រឿងម៉ាកiPhone6+ យកមកចុចលេង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1E-2736 ជិះមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់គាត់តែមិនបានសម្រេច ភ្លាមៗនោះគាត់ក៏បានប្រទាញប្រទង់ជាមួយជនសង្ស័យ បណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យជ្រុលទៅបុកថូផ្កាដែលនៅខាងមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់បានម្នាក់។ ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យខាងលើមានឈ្មោះ មាន សំបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យខាងលើរួចទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់