ព័ត៌មានជាតិ

ឆក់​ទូរស័ព្ទ​ដៃ​បានសម្រេច​ រត់​មិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម២នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃាត់​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​តែ​រត់​មិន​រួច​ បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​៧និង០០នាទី​យប់​ ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨ មុខហាងកាហ្វេ​អាម៉ាហ្សូន​ តាមបណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ​។

ជនសង្ស័យ​ខាងលើមានឈ្មោះ​ សុខ​ វិសាល​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​ គឺជា​អ្នកធ្វើសកម្មភាពឆក់​​ ​។ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​ដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅមុន​ពេលកើតហេតុ​គេឃើញនារី​រងគ្រោះវ័យប្រហែល២០ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ZOOMER-X ពណ៌​ស​លាយ​ទឹក​ក្រូច​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GD-5199​ តាមបណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុងទិសដៅពីកើតទៅលិច​។ លុះមកដល់ចំណុចកើតហេតុ​ក៏​ស្រាប់​តែ​លេចមុខជនសង្ស័យ​ខាងលើរួមទាំងបក្សជិះម៉ូតូមួយគ្រឿងម៉ាក​ សង់​ប៊ិច​ ពណ៌​ខ្មៅ​បិទ​តែម​ពណ៌​ប្រផេះ ពាក់ស្លាកលេខ​ ភ្នំពេញ​1BX-7258 ជិះមកពីក្រោយ​ហើយក៏ធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទដៃមួយគ្រឿង​ម៉ាក​ អាយហ្វនស៊ិច​ ពីនារីរងគ្រោះដែលកំពុងគាន់និយាយ​បានសម្រេច​។ ហើយភ្លាមៗនោះ​ជនសង្ស័យ​ខាងលើ​រួច​ទាំងបក្ខពួក​បានព្យាយាម​បើក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ រួចក៏​ត្រូវជន​រងគ្រោះ​ស្រែក​ចោរ​ៗនិង​ជិះដេញតាមពីក្រោយ​ បង្កអោយមានការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូល​ដ្ឋាន​ដែល​កំពុង​ជិះ​ល្បាតនៅក្បែរនោះ​ ជួយអន្តរាគមន៍ជិះដេញចាប់ជនសង្ស័យខាងលើ​ រហូតមកដល់គោលស្ពានអាកាស៧មករា​ទើបអាចធ្វើការកាក់ឃាត់ខ្លួនជនសង្ស័យ​ខាងលើ​បានម្នាក់​ ចំណែកឯ​ម្នាក់​ទៀត​បានរត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​ទូរ​ស័ព្ទ​ដៃរបស់ជនរងគ្រោះ​ និងម៉ូតូនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួច​ទាំង​វត្ថុ​តាង​ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់