ព័ត៌មានជាតិ

ឈើប្រណីតជាច្រើនប្រភេទ ត្រូវបានគេដឹកចេញពីដែនជម្រកសត្វព្រៃគូលេន-ព្រហ្មទេព

ឧត្តរមានជ័យៈ ឈើប្រណីតប្រភេទ បេង ធ្នង់ និងគ្រប់ប្រភេទ កំពុងត្រូវបានពួកឈ្មួញដឹកជញ្ជូនតាមគោយន្តកន្រ្តៃចេញពីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយមានការបើកដៃពីសំណាក់មន្រ្តីអភិរក្សគូលែន-ព្រហ្មទេព ដែលប្រចាំការនៅតំបន់នោះ មិនតែប៉ុណ្ណោះគេមិនដែលឃើញមន្រ្តីជំនាញរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបរាល់សកម្មភាពដឹកជញ្ជូនឈើប្រណីតទាំងនោះឡើយ។

សកម្មភាពឈើប្រណីតយ៉ាងអនាធិបតេយ្យទាំងនោះ ក្រុមអ្នកដឹកជញ្ជូនឈើតាមគោយន្តកន្រ្តៃបាននិយាយថា ពួកគាត់បានធ្វើសកម្មភាពកាប់ឈើទាំងនេះជាច្រើនឆ្នាំមកហើយ ដោយដឹកចេញដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតនៅភូមិអន្ទិល ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ខេត្តឧត្តរមានជ័យ រួចដឹកជញ្ជូនមកស្តុកនៅតាមផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ដោយមានក្រុមឈ្មួញជាមន្ត្រីសមត្ថកិច្ចតែម្តង ចាំទទួលទិញ ដឹកបន្តចូលទៅតាមរោងសិប្បកម្មនានា ក្នុងស្រុកត្រពាំងប្រាសាទ កែច្នៃធ្វើជាគ្រឿងសង្ហារឹម និងបន្តឡើងរថយន្តធំៗឆ្ពោះទៅខេត្តនានា។

ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញដឹកជញ្ជូនឈើប្រណីតយ៉ាងគគ្រឹកគគ្រេងបែបនេះ ដែលមានរយៈពេលយូរឆ្នាំមកហើយ ចេញពីដែនអភិរក្សជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ត្រូវគេនិយាយថា មានការបើដៃពីសំណាក់មន្រ្តីអភិរក្សប្រចាំការនៅតំបន់បរិស្ថានជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដូច្នេះយើងមិនអាចទំនាក់ទំនងទៅមន្រ្តីអភិរក្សគូលែន-ព្រហ្មទេព ដែលបានប្រចាំការនៅតំបន់នោះបានទេ ដោយពុំមានទូរស័ព្ទ។

ប៉ុន្តែចំពោះសកម្មភាពដឹកជញ្ជូនឈើប្រណីតទាំងនេះ ចូលតាមរោងសិប្បកម្មនានា នៅក្នុងស្រុកត្រពាំងប្រាសាទ លោក ញ៉ែម ណាយវ៉ាន់ នាយសង្កាត់រដ្ឋបាលព្រៃឈើ បានឲ្យដឹងតាមទូរស័ព្ទឲ្យដឹងថា ការកាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកមិនអាចទៅធ្វើការទប់ស្កាត់បានទេ ព្រោះជាភារកិច្ចបរិស្ថាន បញ្ហានេះលោកឲ្យទៅសួរខាងមន្រ្តីបរិស្ថាន៕

https://youtu.be/PlHpqDiWWYQ

មតិយោបល់