ព័ត៌មានកីឡា

បន្ទាប់ពីបាន Zlatan ក្លឹប Man Utd បន្តចង់បាន Pogba ទៀត

ក្លឹប Manchester United បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធ Zlatan Ibrahimovic មករួមក្រុមហើយកាលពីយប់មិញនេះ ហើយគម្រោងបន្ទាប់របស់ពួកគេ គឺនាំយកខ្សែបម្រើម្នាក់ទៀតមានឈ្មោះថា Paul Labile Pogba របស់ក្រុម Juventus ។

Zlatan ចូលរួមជាមួយ Man Utd ដោយមិនមានតម្លៃខ្លួននោះទេ បន្ទាប់ពីរូបគេផុតកុងត្រាជាមួយក្រុម PSG របស់បារាំង។ ខណៈដែលការចូលរួមនេះ រូបគេនឹងទទួលបានថ្លៃពលកម្ម ២៥០០០០ផោន ក្នុង១សប្ដាហ៍នៅ Old Trafford ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅថ្មី។

យ៉ាងណាមិញ បន្ទាប់ពីបានកីឡាករវ័យជ្រេ៣៤ឆ្នាំខាងលើនេះ ហើយ លោក Jose Mourinho ក៏ត្រូវការខ្សែបម្រើម្នាក់ទៀតដែរ ដើម្បីរៀបចំក្រុម។ ដោយម្នាក់ដែលត្រូវចិត្តគ្រូបង្វឹករូបនេះ គឺកីឡាករ Pogba របស់ក្រុម Juventus។ កីឡាករវ័យ២៣ឆ្នាំរូបនេះ ត្រូវគេរំពឹងថា មានតម្លៃខ្ពស់ខ្លាំង ហើយក៏ជារឿងពិបាកសម្រាប់បិសាចក្រហមដែរ ព្រោះថា មានក្លឹបជាច្រើនកំពុងចង់បានរូបគេដូចជា Real Madrid និង Barcelona ជាដើម។

Pogba ជាអតីតយុវជនរបស់ក្រុម Man Utd ដែលផ្លាស់ទៅ Juventus ក្នុងឆ្នាំ២០១២ ហើយរយៈពេលប៉ុន្មានឆ្នាំនេះ រូបគេពង្រឹងសមត្ថភាពបានល្អមែនទែន ដោយបង្ហាញខ្លួនបាន១២៤ប្រកួតស៊ុតបាន២៨គ្រាប់ និងជួយក្រុមសេះបង្កង់ឲ្យឈ្នះពាន Serie A បាន៤សម័យកាលជាប់គ្នា៕

មតិយោបល់