ព័ត៌មានជាតិ

សាហាវណាស់! ក្រុមជនសង្ស័យ ធ្វើសកម្មភាពកាប់ប្លន់ យកម៉ូតូពីយុវជនម្នាក់ បានសម្រេច បណ្ដាលឲ្យមានរងរបួស នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ១២កន្លះរំលងអធ្រត្រ ឆ្លងចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខផែស្ងួតតេឡាយ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានករណីវាយប្លន់យកម៉ូតូ បានសម្រេច។

ជនរងគ្រោះឈ្មោះ សោម នីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជិតផ្សារកំបូល ខណ្ឌកំបូល ចំណែកម្នាក់ទៀត រងរបួសឈ្មោះ ឆួន សុខុម អាយុ១៩ឆ្នាំ ជាអ្នកចាក់សាំង នៅស្ថានីយប្រេងឥន្ធន:មួយកន្លែង ស្នាក់នៅបន្ទប់ជួលក្បែរម្ចាស់ម៉ូតូខាងលើ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ដោយឌុបសង្សារ មកលេងបន្ទប់ជួលរបស់ខ្លួន នៅម្ដុំផ្សារកំបូល។ លុះដល់ម៉ោង១១យប់ ជនរងគ្រោះ ជិះម៉ូតូរបស់សង្សារ ហើយឌុបនារីជាសង្សារត្រទ្បប់ ទៅបន្ទប់ជួលរបស់គេវិញ នៅក្បែរកន្លែងកើតហេតុ។

បន្ទប់ពីជូនទៅដល់រួច ជនរងគ្រោះ បានទូរស័ព្ទទៅមិត្តភក្តិ ឲ្យជិះម៉ូតូរបស់ខ្លួន មកដឹកយកខ្លួន ត្រឡប់ទៅបន្ទប់ជួលនៅឯផ្សារកំបូលវិញ។ ដោយនៅវេលាកើតហេតុ បុរសជាមិត្តភក្តិ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០២០ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយមហាវិថី ឈ្នះឈ្នះ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រលប់ទៅក្រោយវិញ ដើម្បីដឹកជនរងគ្រោះ ដែលកំពុងឈប់ចាំនៅលើសួនច្បារពុះចែកទ្រូងផ្លូវ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក ប្រដាប់ដោយកាំបិតប៉័ងតោ ធ្វើសកម្មភាពវាយ និងកាប់ទៅលើបុរស ជាមិត្តភក្តិចំខ្នង និងកំប៉េះគូទជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់ធ្ងរ រួចក្រុមជនសង្ស័យ បានជិះម៉ូតូជនរងគ្រោះ គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ រថយន្តមន្ទីរសម្រាកព្យាបាល និងសម្ភពសែនជ័យ មកដឹកជនរងគ្រោះ និងអ្នករបួស ទៅសង្គ្រោះភ្លាមៗ។ ដោយទ្បែក ជនរងគ្រោះ រង់ចាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងក្រសាំងតាមក្រោយ៕

មតិយោបល់