ព្រៃវែងៈ ករណីហិង្សាបុរសម្នាក់ ត្រូវបានមិត្តភក្តិ កាប់ចំនួន៤ពូថៅ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ដោយសារតែពេលផឹកស៊ី អួតចេះភាសាថៃ ក៏កើតជាជម្លោះ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច។
ជនរងគ្រោះឈ្មោះ ធី ចាន់ធូ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជនបង្កកាប់ចំនួន៤ពូថៅ ត្រូវក្បាល៣ពូថៅ និងដៃស្តាំ១ពូថៅ រីឯជនបង្កឈ្មោះ ដែន ប៊ុនណែត ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិឃុំជា មួយគ្នា។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនបង្ក និងជនរងគ្រោះជាមិត្តភក្តិនិងគ្នា បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថែ ជាមួយគ្នា ហើយមិនដែលមកផ្ទះវិញទេ គឺទើបតែបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដែលពួកគេនាំគ្នាត្រឡប់មកផ្ទះវិញ។
នៅមុនពេលកើតហេតុនោះ ជនបង្ក និងជនរងគ្រោះ ព្រមទាំងបងប្រុសជនរងគ្រោះម្នាក់ទៀត បាននាំគ្នាផឹកស៊ីសប្បាយ ដូចសព្វមួយដង ដោយគ្មានបញ្ហាអ្វីទេ ប៉ុន្តែពេលផឹកស្រវឹង ស្រាប់តែជនបង្ក និងជនរងគ្រោះ លែងនិយាយខ្មែរ បែរជានិយាយភាសាថៃ ដោយបងប្រុសជនរងគ្រោះ ស្តាប់មិនបាន មិនដឹងគេនិយាយរឿងអី ក៏ចេះតែផឹកទៅ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនបង្កងើបដើរចេញ ទៅបាត់ នៅសល់តែជនរងគ្រោះ និងបងប្រុសអង្គុយផឹកតែ២នាក់ ស្រាប់តែមួយសន្ទុះក្រោយ ក៏ឃើញជនបង្កត្រឡប់មកវិញ មានទាំងពូថៅនៅក្នុងដៃ ស្ទុះមកកាប់លើជនរងគ្រោះ ត្រូវចំនួន៤ពូថៅ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង។
ភ្លាមៗផងដែរ ជនរងគ្រោះ ក៏ត្រូវក្រុមគ្រួសារនាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ និងបានរាយការណ៍ករណីនេះ ដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍ផងដែរ ប៉ុន្តែជនបង្កបានរត់គេចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលបន្ត នៅរាជធានីភ្នំពេញ ដោយឡែកខាងសមត្ថកិច្ច កំពុងកសាងសំណុំរឿង និងតាមរកចាប់ខ្លួនជនបង្ក ដើម្បីចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់