កណ្តាលៈ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីប្រទះឃើញក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ នៅចំណុចព្រែកបែកខាងកើត ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡៃ លី ភេទប្រុស អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ មានទីលំនៅៗ ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ម្តាយធំជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះ បានរស់នៅជាមួយគាត់ជាម្តាយធំ ដោយឪពុកម្តាយ ជនរងគ្រោះ ទៅរកស៊ីនៅប្រទេសម៉ាឡេស៊ី ហើយទុកកូនជាជនរងគ្រោះ រស់នៅជាមួយគាត់ដើម្បីចិញ្ចឹមបីបាច់ថែរក្សា។
កន្លងមកជនរងគ្រោះតែងតែបណ្តើរឆ្កែ ដើរទៅខាងកើតភូមិ ជាញឹកញាប់ហើយ កន្លះម៉ោង ឬមួយម៉ោងទើបត្រឡប់មកផ្ទះវិញ។ លុះនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល អ្នកជិតខាងបានឃើញជនរងគ្រោះដើរតាមផ្លូវមាត់ព្រែក កណ្តាល ត្រើយខាងជើង មានឆ្កែរបស់គេចំនួន៣ក្បាល ដើរមុខក្រោយជនរងគ្រោះ ពីលិចទៅកើត ឃើញដូចនេះគាត់ក៏ស្រែកប្រាប់ជនរងគ្រោះឲ្យទៅផ្ទះវិញ ខ្លាចដើរធ្លាក់ទឹក តែជនរងគ្រោះពុំស្តាប់ក៏ដើរបន្តទៅខាងកើតភូមិបាត់ទៅ មិនឃើញត្រឡប់មកផ្ទះវិញ។ លុះក្រោយមក នៅវេលាម៉ោងប្រមាណ៤និង៣០នាទី ថ្ងៃខែ ឆ្នាំដដែល ដោយបាត់ជនរងគ្រោះមិនឃើញ ក្រុមគ្រួសារជនរងគ្រោះ ក៏ដើររកជនរងគ្រោះ ដោយចុះរាវក្នុងទឹកព្រែក និងទឹកបឹងក្បែរច្រាំងខាងកើតភូមិ តែរកពុំឃើញរហូតដល់យប់ ទើបបញ្ចប់ការរាវរកជនរងគ្រោះ។ លុះព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកភូមិក៏បន្តចុះទឹក រាវរកជនរងគ្រោះ រហូតដល់ វេលាម៉ោង៨និង៣០នាទី ទើបរាវរកឃើញជនរងគ្រោះនៅក្នុងទឹកព្រែកបែក ខាងកើតភូមិ រួចស្រង់សាកសពជនរងគ្រោះយកមកលំនៅដ្ឋាន ហើយរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្ត មកអធិការដ្ឋាននគរបាលស្រុក ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព។ ការពិនិត្យឃើញថា៖ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។
ដូច្នេះតាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ផ្នែកជំនាញនិងអាជ្ញាធរមូលដ្ឋាន ជនរងគ្រោះអាចដើរចុះទឹកលង់បណ្តាលឲ្យស្លាប់ ពុំមែនពាក់ព័ន្ធនឹងករណីផ្សេងឡើយ ហើយក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់