ភ្នំពេញៈ ជនជាតិចិនចំនួន៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រួមសហការជាមួយសមត្ថកិច្ចប្រទេសចិន ចាប់បញ្ជូនឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីជនជាតិចិនទាំងនោះចូលមកស្នាក់នៅដោយខុសច្បាប់ និងមួយចំនួនទៀតប្រព្រឹត្តបទល្មើស រកស៊ីដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់បានខ្លះកន្លងមក។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមការចាត់ចែងដោយកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលធ្វើឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីជនជាតិចិនទាំងនោះ ប្រព្រឹត្តល្មើសមករកស៊ីនៅកម្ពុជាខុសច្បាប់ ជំរិតទារប្រាក់ ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា ជនជាតិចិនទាំង៩១នាក់ ស្រី២១នាក់ ដែលត្រូវបណ្តេញចេញនៅថ្ងៃនេះ គឺពួកគេជាប់ពាក់ព័ន្ធករណី គំរាម ជំរិតទារប្រាក់ ប្រព្រឹត្តបទល្មើសផ្ទុយពីច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបាន សមត្ថកិច្ចជំនាញបង្ក្រាបចាប់ខ្លួនកន្លងមកនៅក្នុងខេត្តកំពត។
លោកបានបញ្ជាក់ថា យើងបានសហការគ្នាជាមួយសមត្ថកិច្ចចិនក្នុងការ បញ្ជូនជនល្មើសឲ្យត្រឡប់ទៅស្រុកកំណើតវិញ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ជាមួយប្រទេសទាំង២ តាមជើងយន្តហោះ របស់ប្រទេសចិន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ សរុបចំនួន៩១នាក់ ស្រី២១នាក់៕
មតិយោបល់