ព័ត៌មានជាតិ

នារីបម្រើការងារនៅខារ៉ាអូខេ«នគរសំរិទ្ធិ»ម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់

ភ្នំពេញៈ នារីបម្រើការងារ នៅខារ៉ាអូខេ«នគរសំរិទ្ធិ»ម្នាក់ ដើរឆ្លងផ្លូវត្រូវបានបុរស២នាក់ ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់សងខាងទាំង៣នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេនគរសំរិទ្ធិ អាគារA តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតនារីរងគ្រោះបានដើរចេញពីខារ៉ាអូខេអាគារB ឆ្លងទៅអាគារA ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាដើរឆ្លងផ្លូវជិតផុតហើយត្រូវបានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៦ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FN-0128 តាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានបុគ្គលិករួមការងារជាមួយគ្នា លើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។ ដោយសភាពធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកបុរស២នាក់ជិះម៉ូតូបង្ក រងរបួសធ្ងន់ទាំង២នាក់ ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅតាមក្រោយផងដែរ។

ក្រោយសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់