ភ្នំពេញៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងចូលលួចម៉ូតូ និងកាបូបលុយគេបានសម្រេចហើយត្រូវគេស្រែកឆោឡោ ហើយស្គាល់ឈ្មោះស្គាល់មុខស្រាប់តែ២ម៉ោងក្រោយយកម៉ូតូមកទុកឲ្យម្ចាស់គេវិញហើយគេចខ្លួនបានរយៈពេល១០ថ្ងៃ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ឫទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥H ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរនគរបាលជាតិ។ រីឯជនសង្សយ័ឈ្មោះ យ៉ោម ផល្លា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៤១ ក្រុមទី៦ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ។
ម៉ូតូដែលជនសង្ស័យលួចបានហើយយកមកផ្លុងចោលវិញនោះម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GQ5257 ត្រូវបានប្រគល់ជូនទៅជនរងគ្រោះវិញហើយ ។
សមត្ថកិច្ចឲ្យដឹងទៀតថាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២និង៥នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មានករណីលួចម៉ូតូមួយគ្រឿងដោយជនសង្ស័យបានផ្លោះរបងទ្វារមុខផ្ទះជនរងគ្រោះចូលទៅក្នុងផ្ទះលួចម៉ូតូនិងកាបូបលុយនៅក្នុងផ្ទះជនរងគ្រោះបានហើយជនសង្ស័យបានបណ្តើរម៉ូតូនោះចេញមកក្រៅបាត់ ដោយពេលនោះមានសាក្សីបានឃើញធ្វើឲ្យជនសង្ស័យភ័យខ្លាចលុះនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២និង៤៥នាទីអធ្រាត្រ ជនសង្ស័យបានយកម៉ូតូទៅទុកមុខនៅផ្ទះ ជនរងគ្រោះវិញរួចគេចខ្លួនបាត់ តែពេលនោះជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងទេ ។
សមត្ថកិច្ចបន្តថាលុះនៅថ្ងៃទី១៦ ខែតុលា វេលាម៉ោង៣និង៣០នាទីរសៀល ជនរងគ្រោះបានឃើញជនសង្ស័យនៅចំណុចផ្លូវបេតុងរថភ្លើងក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏ឃាត់ជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕
មតិយោបល់