ភ្នំពេញៈ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន២ករណី ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកបង្ក្រាបឃាត់មនុស្សចំនួន០៣នាក់ ប្រុស០២នាក់ស្រី០១នាក់។
ករណីទី១ មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ភេទស្រី អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោកបង្ក្រាបបានជាក់ស្តែង ពេលដែលជនសង្ស័យកំពុងឈរលក់ថ្នាំញៀន និងធ្វើការដកហូតបាននូវថ្នាំញៀនក្រាមសថ្លា(ម៉ាកទឹកក)ចំនួន១០កញ្ចប់តូច កាលពីវេលាម៉ោង០៨និង៣០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតំបន់រោងចក្រឆ្នាំ ក្នុងសង្កាត់បឹងកក់២។
ករណីទី២ កម្លាំងឈរជើងគោលដៅត្រួតពិនិត្យអាវុធ និងរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ភេទប្រុស បន្ទាប់ពីជនសង្ស័យទាំង០២នាក់ជិះម៉ូតូមួយគ្រឿងឆ្លងកាត់គោលដៅត្រួតពិនិត្យ ត្រូវបានសមត្ថកិច្ចហៅឆែកឆេរ រកឃើញថ្នាំញៀនចំនួនមួយកញ្ចប់តូច (ម៉ាទឹកកក) កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៧១មុខសាលាវិទ្យាល័យជាស៊ីមសាមគ្គីក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់