ព័ត៌មានជាតិ

ដើរដាក់អន្ទាក់សត្វដើម្បីចិញ្ចឹមជីវិត ជាន់មីនផ្ទុះដាច់ជើងម្ខាង

បាត់ដំបងៈ បុរសម្នាក់ បានដាច់ជើងឆ្វេងម្ខាងភ្លាមៗ ធ្លាយចេញឆ្អឹងស្មងជើងគួរឲ្យអាសូរ បន្ទាប់ពីបានជាន់មីនស្គរកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភ្នំណាំសាប ស្ថិតក្នុងភូមិអូរត្រាវជូ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បាននិយាយថា ដីចម្ការនៅក្នុងតំបន់នេះ គឺប្រជាពលរដ្ឋបានដាំដំណាំរៀងរាល់ឆ្នាំ ប៉ុន្តែមិនដែលមានបញ្ហាអ្វីនោះឡើយ លុះនៅព្រឹកថ្ងៃកើតហេតុ ក៏ស្រាប់តែមានការផ្ទុះគ្រាប់មីនបែបនេះទៅវិញ ដែលធ្វើឲ្យជើងឆ្វេងម្ខាងរបស់ជនរងគ្រោះ ត្រូវបានដាច់សល់តែឆ្អឹង។

ជនរងគ្រោះមានឈ្មោះ ឈឿន គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានមុខរបរដើរដាក់អន្ទាក់សត្វនៅតាមដីចម្ការ និងតាមព្រៃ ហើយក៏បានជាន់លើគ្រាប់មីនដែលបន្សល់ពីសម័យមុន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ តែក៏ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុកដើម្បីសង្គ្រោះ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា គ្រាប់មីននេះ គឺជាប្រភេទគ្រាប់មីនស្គរ ដែលអាចផ្ទុះឡើងបាននៅពេលដែលមានអ្វីមួយទៅសង្កត់លើវា ហើយពេលនេះមនុស្សកំពុងធ្វើការសង្គ្រោះ៕

មតិយោបល់