ភ្នំពេញៈ ដោយសារតែភាពអាណាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយលើផ្លូវសាធារណៈដូចជា ស្លាកប៉ានណូ ឬការដាក់តាំងតូបលក់ទំនិញផ្សេងៗ ក៏ដូចជាសំយ៉ាបផ្ទះ ដែលប្រជាពលរដ្ឋជាអាជីវករមួយចំនួន បានសាងសង់រំលោភលើចិញ្ចើម ចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីប្រកបរបរ និងបិតផ្សាយស្លាកពាណិជ្ជកម្មផ្សេងៗផ្ទាល់ខ្លួននោះ ត្រូវបានលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងចម្រុះ ចាត់វិធានការក្ដៅ បន្ទាប់ពីជូនដំណឹងនិងធ្វើការណែនាំជាច្រើនលើកច្រើនសារមិនស្តាប់ ។
ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ក្នុងការចុះធ្វើកិច្ចសន្យា និងរុះរើនេះធ្វើឡើងមួយរយៈមកហើយរហូតដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០១៩នេះ តាមដងផ្លូវសាធារណៈសំខាន់ៗ ពិសេសផ្លូវជាតិលេខ៦។
លោក ឡេង រ៉ាវង្ស បានឲ្យដឹងថា ការដែលយើងធ្វើនេះ គឺយើងឆ្លើយតបនឹងសាលារាជធានីភ្នំពេញ ដែលណែនាំឲ្យខណ្ឌនីមួយៗរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវដោយទុក១ភាគ៣នៃចិញ្ចើមផ្លូវ ។ ក្រោយពីបានណែនាំ និងជូនដំណឹង ជាច្រើនលើក ច្រើនសារមកហើយ ចំពោះអ្នករកស៊ីជួញដូរផ្សេងៗ ពោលគឺអ្នកប្រកបរបរផ្ទាល់ខ្លួន នៅតែបន្តរំលោភយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មជាដដែលៗ។
លោក បានថ្លែងទៀតថា «ដើម្បីអនុវត្តឲ្យបានតាម គោលការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជា អនុក្រឹត្យរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីហាមប្រាម មិនឲ្យមានដាច់ខាត ចំពោះប្រជាពលរដ្ឋជាអាជីវករ ប្រកបរបរអាជីវកម្មខុសច្បាប់ពោលគឺការរំលោភយកចិញ្ចើម ចំណីផ្លូវរដ្ឋ ដែលអាចដំណើរការជោគជ័យទៅបានដោយរលូន លុះត្រាតែមានការចូលរួមសហការពីប្រជាពលរដ្ឋខណៈកន្លងមក អាជ្ញាធរខណ្ឌ និងសង្កាត់ បានចេញសេចក្តីណែនាំ ជូនដំណឹងទៅដល់ក្រុមអាជីវករ ដោយធ្វើការចាក់មេក្រូតាមដងផ្លូវសាធារណៈ ទីប្រជុំជន និងតាមទីផ្សារជាដើម ក្នុងមូលដ្ឋានដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗ យកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋ។
បន្ថែមពីនេះលោក ក៏បានថ្លែងផងដែរថា ក្នុងប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះដែរ មានគោលបំណង ដើម្បីលុបបំបាត់ការយកចិញ្ចើមចំណីផ្លូវរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋ ជាអាជីវករក្ដី បានចូលរួមសហការធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ បានសហការរុះរើកាត់សំយ៉ាបផ្ទះ ដែលរំលោភលើចំណីផ្លូវចេញដោយខ្លួនឯង ក្នុងករណីតម្រូវឲ្យទុកមួយភាគបី នៃចិញ្ចើមផ្លូវទើបបាន ព្រោះអាចធ្វើឲ្យមានការកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ បង្កជាបាត់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញថែមទៀត ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះបានធ្វើការកាត់ស្លាកពាណិជ្ជកម្មចំនួន៣ នៅចំណុចរង្វង់មូលតាព្រហ្មភូមិដើមគ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ហើយយកទៅរក្សាទុកនៅសាលាខណ្ឌ ដើម្បីរង់ចាំម្ចាស់ទៅធ្វើកិច្ចសន្យា និងណែនាំឲ្យម្ចាស់ផ្ទះនីមួយៗ តាមរង្វង់មូលយកដែកកំណល់ដែលកល់ម៉ូតូឡើងខឿនចូលផ្ទះចេញ ពេលចង់ឡើងម៉ូតូចាំដាក់វិញ៕





មតិយោបល់