ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអ្នកលក់លួចបន្លំបិទស្លាកតម្លៃប្រាក់បាតជាន់លើកាលបរិច្ឆេទផុតកំណត់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងធ្វើការផ្សព្វផ្សាយប្រកាសស្តីពីការបិទតម្លៃប្រាក់រៀលលើមុខទំនិញ និងសេវាគ្រប់ប្រភេទ នៅម៉ាតមួយចំនួន ក្នុងតំបន់កាស៊ីណូ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាមួយគ្នានោះ មន្ត្រីបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាកតម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០មុខ ក្នុងនោះដែល មន្ត្រីជំនាញបានសង្កេតឃើញថា ផលិតផល ដែលហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ត្រូវបានអ្នកលក់លួចបន្លំបិទស្លាកតម្លៃប្រាក់បាតជាន់លើកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់។ ដោយយល់ថា អំពើល្មើសមិនសុចរិតបែបនេះ គឺជាការប្រព្រឹត្តិលើកទី១ ហេតុនេះមន្រ្តីជំនាញ បានធ្វើការពន្យល់ណែនាំ និងព្រមានតាមរយៈកិច្ចសន្យាផ្តិតមេដៃ។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់