ព័ត៌មានជាតិ

ខឹងប្រពន្ធស្តីបន្ទោសរត់ទៅចងកសម្លាប់ខ្លួន

សៀមរាបៈ បុរសម្នាក់ជាកម្មករមើលថែទាំក្រពើឲ្យគេបានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារខឹងប្រពន្ធស្តីបន្ទោសរឿងផឹកស៊ីមិនសូវធ្វើការងារ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងផ្ទះថៅកែក្រពើ ឈ្មោះ ហាក់សេង ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកវរសេនីយ៍ត្រី ខោល ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា ជនអត្តឃាតឈ្មោះ ឌៀប គ្រេ ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករយាមអាងក្រពើមានទីលំនៅកន្លែង កើតហេតុខាងលើ។

លោកបន្តថា មូលហេតុដែលបណ្តាលឲ្យបុរសនោះគិតខ្លីដោយសារគាត់ត្រូវប្រពន្ធស្តីបន្ទោសរឿងផឹកស៊ីមិនធ្វើការ។ លោកបន្តថា ឆ្លងតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចចម្រុះ និងគ្រូពេទ្យអយ្យការបានបង្ហាញថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន។ ក្រោយពីសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យរួចរាល់បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់