ព្រះសីហនុៈ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនជាតិចិនម្នាក់ នៅវេលាម៉ោង៤ និង៣០រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ថា មិត្តភក្តិរបស់គេ ត្រូវបានជនជាតិចិនមួយក្រុម ចាប់បង្ខាំងទុក នៅក្នុងបន្ទប់ផ្ទះសំណាក់តុងហ្វាង ដើម្បីជំរិតទារប្រាក់នោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះកិច្ចប្រតិបត្តិការណ៍ រំដោះបានជនរងគ្រោះម្នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ។
ជនរងគ្រោះឈ្មោះ YUAN MAORONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យចំនួន ០៣នាក់៖ ទី១-ឈ្មោះ ZHANG HONG ZHI ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទី២-ឈ្មោះ QIN RONG FEI ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ CAO WEN XIAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតឡើងដោយសារជនរងគ្រោះបានខ្ចីលុយពីក្រុមជនសង្ស័យចំនួន ៣,០០០ដុល្លារ ( ជាកាក់ដុល្លារ ) ដើម្បីលេងល្បែងក្នុងកាស៊ីណូ ស៊ីងម៉ីកៅម៉ី ពេលជនរងគ្រោះលេងចាញ់ គ្មានលុយសង ក្រុមជនសង្ស័យក៏បានបង្ខាំងជនរងគ្រោះទុក នៅកន្លែងដែលពួកគេស្នាក់នៅ ដើម្បីឲ្យជនរងគ្រោះ រកលុយសងពួកគេ ទើបពួកគេដោះលែងជនរងគ្រោះឲ្យមានសេរីភាពវិញ។
បច្ចុប្បន្នជនសង្ស័យទាំងបី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕
មតិយោបល់