CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» នឹងត្រូវរៀបចំការប្រកួតតសប្តាហ៍ទី២ កាន់តែជក់ចិត្ត នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយទស្សនិកជនអាចទស្សនាតាមរយៈការផ្សាយផ្ទាល់លើផេកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងផេកដៃគូមួយចំនួនទៀត។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់ការប្រកួតកីឡាប្រដាល់សកល កាលពីសប្តាហ៍ទី១ថ្មីៗនេះ ពេលនេះសហព័ន្ធរៀបចំការប្រកួតសប្តាហ៍ទី២ ដោយរៀបចំចំនួន៦ប្រកួត លើ៦ប្រភេទទម្ងន់ ចាប់ពី៥២គីឡូក្រាម ដល់៦០គីឡូក្រាម។ ក្នុងនោះមានគូពិសេស១ប្រកួត លើប្រភេទទម្ងន់ ៤៩គីឡូក្រាម និងគូឯក លើប្រភេទទម្ងន់៦០គីឡូក្រាម ដែលជាការប៉ះគ្នារវាងកីឡាករជម្រើសជាតិ ទូច ដេវីដ និងកីឡាករ ខុន ឌីណា មកពីក្លឹបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ដែលជាគូជក់ចិត្តចុងក្រោយប្រចាំសប្តាហ៍ទី២។
លោកអគ្គលេខាធិការបន្ថែមថា សម្រាប់សប្តាហ៍ទី២នេះគណៈកម្មការរៀបចំការប្រកួតបានរៀបចំផ្គូរផ្គងឆ្លងកាត់ការវិនិច្ឆ័យកាន់តែល្អិតល្អន់ ដើម្បីជំរុញឲ្យការប្រកួតពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កាន់តែល្អមើលជក់ចិត្ត និងស្វែងរកការគាំទ្របន្ថែមពីមហាជន។ ជាមួយគ្នានោះ ការរៀបចំឲ្យកាន់តែមានល្អប្រសើរនេះ គឺដើម្បីបំពេញបន្ថែមនូវភាពចន្លោះប្រហោង ក្នុងគោលដៅសម្រួចបច្ចេកទេស និងការរៀបចំឲ្យកាន់តែសុក្រិត សម្រាប់ដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសគឺគោលដៅដ៏ច្បាស់លាស់នៃការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ អះអាងថា ដោយសារការប្រកួតសប្តាហ៍ដំបូងនេះ មានការប្រកួតមួយចំនួនមានកម្រិតបច្ចេកទេសខុសឆ្ងាយបន្តិច ហើយនៅពេលខាងមុខ សហព័ន្ធនឹងព្យាយាមរៀបចំផ្គូរផ្គងចាប់គូឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ដើម្បីឲ្យការប្រកួតកាន់តែល្អមើល ហើយកាត់បន្ថយកុំឲ្យមានសន្លប់ច្រើនពេក នោះគឺដោយសារកម្រិតបច្ចេកទេស មានភាពខុសគ្នាឆ្ងាយពេក។
គោលបំណងចម្បងនៃព្រឹត្តិការណ៍ប្រដាល់សកលថ្មី ULTIMATE BOXING CHAMPIONSHIP 2021នេះ គឺជាឱកាសសំខាន់បំផុត សម្រាប់កីឡាករ កីឡាការិនីតាមបណ្តាក្លឹប ក៏ដូចជាកីឡាករជម្រើសជាតិ ក្នុងការវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសរបស់ពួកគាត់ ឈានឆ្ពោះទៅស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២លើកចំពោះមុខនេះ។ តាមរយៈព្រឹត្តិការណ៍នេះ សហព័ន្ធជឿជាក់ថា វាជាដំណើរការអភិវឌ្ឍន៍សិទ្ធផលរបស់កីឡាករ កីឡាការិនីកាន់តែល្អរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ជំហានដំបូង សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមរៀបចំចំនួន ៦សប្តាហ៍ ដោយ២សប្តាហ៍ដំបូងនេះត្រូវធ្វើជាប់ៗគ្នា រីឯ៤សប្តាហ៍ទៀត នឹងត្រូវរំលងមួយសប្តាហ៍ ពោលគឺ២សប្តាហ៍ម្តង ក្រោមការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School៕
មតិយោបល់