ព័ត៌មានជាតិ

ចោរលួចម៉ូតូបានសម្រេចពេលយប់ ស្អែកឡើងត្រូវជាប់ខ្នោះសមត្ថកិច្ច

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងម៉ូតូមួយគ្រឿង ដែលជនសង្ស័យលួចពីនារីរងគ្រោះ។

លោក ប៉ាង ហៀង អធិការនគរបាលក្រុង បានបញ្ជាក់ថា កម្លាំងបានទទួលនូវពាក្យបណ្តឹងមួយរបស់នារីរងគ្រោះឈ្មោះ រ៉ុត ធី អាយុ២៧ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានមកស្នាក់នៅផ្ទះជួល ក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដោយបានបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊ែរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-9739 កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ ដោយកម្លាំងជំនាញបានពិនិត្យឃើញថា ជនមិនស្គាល់មុខបានប្រើប្រាស់តួឡឺវីសមួលដោះកញ្ចក់ទ្វារ ហើយបើកគន្លឹះលួចយកម៉ូតូនេះទៅបាត់ ដោយជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណមួយសន្លឹកទៅផង។

លោកបន្តថា លុះនៅវេលាម៉ោង២រសៀល ថ្ងៃខែដដែល កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយកម្លាំងការិយាល័យជំនាញបង្ក្រាបបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត ដោយបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ក្នុងករណីអំពើលួចបានម្នាក់ ឈ្មោះ លី ករុណា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្នុងក្រុងបាត់ដំបង ក្នុងបទល្មើសជាក់ស្តែង ដែលគេបានយកមកសម្ងំលាក់នៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយគេបានកាច់ស្លាកលេខម៉ូតូនោះចោលផង។

ក្រោយពីការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតនូវម៉ូតូមួយគ្រឿង ដែលភិនភាគ គឺជារបស់ជនរងគ្រោះស្លាកលេខមួយ និងអត្តសញ្ញាណប័ណ្ណមួយសន្លឹកដែលជារបស់នារីរងគ្រោះ។ បច្ចុប្បន្នម៉ូតូជនរងគ្រោះបានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ។ ចំណែកជនសង្ស័យ ក៏ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់