ភ្នំពេញៈ មួយរយៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរកើនឡើងគួរឲ្យព្រួយបារម្ភ ដោយបានឆក់យកអាយុជីវិតមនុស្ស និងគំរាមកំហែងប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ជាមួយគ្នានោះ ការកកស្ទះចរាចរក៏ជាបញ្ហាដែលពិបាកដោះស្រាយផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានដាសតឿនឲ្យអាជា្ញធរគ្រប់ជាន់ថ្នាក់ ឲ្យចាត់ការបញ្ហាសណ្តាប់ធ្នាប់ ព្រមទាំងចរាចរជាសំខាន់ហើយបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមរៀបចំជាប្រចាំ។
ក្រោយពីបានទទួលបទបញ្ជាហើយនោះ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោកជា ពិសី បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវនានាជារៀងរាល់ថ្ងៃ ជាពិសេសទៅទៀតនោះ គឺចាប់ពីស្ពានជ្រោយចង្វារតាមផ្លូវជាតិលេខ៥ រហូតដល់ស្ពានព្រែកព្នៅ ដោយធ្វើដូចជាភ្លៀងរលឹមរាល់ថ្ងៃ ព្រោះថា នៅតាមបណ្តោយផ្លូវជាតិលេខ៥នោះ សម្បូរទៅដោយរថយន្តធុនធំចតនៅតាមចិញ្ចើមផ្លូវ ម្តុំមុខក្រុមហ៊ុន កូកាកូឡា ដែលឧស្សាហ៍មានរថយន្តធំៗចតពេញមុខក្រុមហ៊ុនតែម្តង។
លោក ទៀង ចាន់សារ អធិការខណ្ឌឫស្សីកែវ បានមានប្រាប់ឲ្យដឹងថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនានានេះ គឺអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចមិនព្រងើយកន្តើយនោះឡើយ ដោយយើងបានចុះរៀបចំជាប្រចាំថ្ងៃ ប៉ុន្តែក្រុមអ្នកបើករថយន្តទាំងនោះ គឺដេញពីខាងមុខ មកចតនៅខាងក្រោយដេញពីក្រោយមកចតនៅខាងមុខវិញ ទោះបីជាដេញយ៉ាងណា ក៏មិនព្រមចេញដែរ។
លោក ទៀង ច័ន្ទសារ បានបន្តទៀតថា កន្លងមកសមត្ថកិច្ចយើងបានចុះណែនាំជាញឹកញាប់ម្តងរួចមកហើយ និងបានព្រមានដល់ម្ចាស់រថយន្តធំៗផងដែរ បន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌបានចាត់ក្រុមសណ្តាប់ធ្នាប់ខណ្ឌឲ្យចុះរៀបចំរថយន្តធំៗចតគ្មានសណ្តាប់ធ្នាប់នៅដងផ្លូវនេះ។ ប៉ុន្តែដូចវែកចកអ៊ីចឹង បើយើងធ្វើខ្លាំង វាប៉ះពាល់ដល់សតិអារម្មណ៍ក្រុមហ៊ុន តែបើយើងមិនរៀបចំវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដូច្នេះវាពិបាកណាស់ សម្រាប់អាជ្ញាធរ ប៉ុន្តែការឃាត់រថយន្តចំនួន៥គ្រឿងនេះ យើងគ្រាន់តែអប់រំណែនាំនិងធ្វើកិច្ចសន្យាដើម្បីឲ្យរាងចាល ព្រោះចាប់លែងៗមិនរាងនោះទេ ម្យ៉ាងទៀតពេលធ្វើកិច្ចសន្យាហើយទើបដោះលែងទៅវិញឲ្យរកស៊ីធម្មតា៕
មតិយោបល់