ភ្នំពេញៈ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក លី សុខឡេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាតិកូរ៉េខាងត្បូងចំនួន២៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ពី១ ទៅ២ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ៥ខែប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរធម្មតា និងតម្រូវឲ្យជនជាប់ចោទទាំង២៣ចាកចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់សព្វគ្រប់ និងមិនអនុញ្ញាតឲ្យជនជាប់ចោទចូលក្នុងប្រទេសកម្ពុជាទៀតឡើយ ក្រោមបទចោទប្រកាន់ បើកល្បែងស៊ីសងខុសច្បាប់ ប្រព្រឹត្តនៅផ្ទះលេខ១៥ ផ្លូវសំរោងអណ្តែត និងផ្ទះលេខ២៧ ផ្លូវលេខ១ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី២៩ ខែមិថនា ឆ្នាំ២០១៧កន្លងទៅជនជាប់ទាំង២៣នាក់បានច្រានចោលការចោទប្រកាន់របស់តំណាងអយ្យការ ដោយពួកគេនិយាយថា ពួកគេបានបើកក្រុមហ៊ុន ទេសចរណ៍ និងក្រុមហ៊ុន លក់ទំនិញតាម Online តែប៉ុណ្ណោះ។
គួររំឭកថា កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី លោក អ៊ូ បូរ៉ាត់ អគ្គាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកប្រតិបត្តិការចុះទៅឆែកឆេរលំនៅផ្ទះលេខ១៥ ផ្លូវសំរោងអណ្តែត និងផ្ទះលេខ២៧ ផ្លូវលេខ១ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយធ្វើការឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងបានចំនួន២៣នាក់៕
មតិយោបល់