ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX330 បើកគេចម៉ូតូ ជ្រុលទៅបុករបាំងថ្មបាំងលូធ្លាក់ចូលមួយកង់និងមួយកង់ជាប់រថយន្តរងខូចខាត

ភ្នំពេញ: នារីម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿង គេចពីម៉ូតូបានជ្រុលចង្កូតទៅបុកជាមួយនិងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យធ្លាក់ចូលក្នុងលូទឹកស្អុយនិងផ្ទុះកង់មុខផ្នែកខាងឆ្វេងនិងបណ្ដាលឲ្យរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមផ្លូវ១០៥ កែងនិងផ្លូវ៤២០ ត្រង់ចំណុចទល់មុខនឹងហាងលក់សំបកទូរសព្ទហេឡូហ្វរយូ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX-330 ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6183 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយសារតែមិនចង់ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទើបម្ចាស់រថយន្តបានសម្រេចចិត្តទៅគេចពីម៉ូតូខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មពេញទំហឹងតែម្តង បណ្តាលឲ្យផ្ទុះកង់ផ្នែកខាងមុខ និងរងការខូចខាតយ៉ាងដំណំផងដែរ។ រីឯរបាំងថ្មបានខ្ទាតធ្លាក់ចូលក្នុងលូទឹកស្អុយផងដែរ និងបណ្តាលឲ្យនារីម្នាក់ដែលជាអ្នកបើកបរនោះបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសំណង លើការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមផ្លូវច្បាប់៕

មតិយោបល់