សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុសអយុ ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស (កាច់សោ.កម៉ូតូ) ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌប បានឲ្យដឹងថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងសៀមរាបចេញល្បាតតាមភូមិសាស្រ្តទាំង ០៤សង្កាត់ធំៗ នៅក្នុងក្រុងសៀមរាប ហើយបានប្រទះឃើញមុខសញ្ញាសង្ស័យ លួចម៉ូតូ (កាច់សោ.ក)២នាក់ ដែលជាមុខសញ្ញាចាស់ ដែលធ្លាប់បានប្រព្រឹត្តបទល្មើសលួចម៉ូតូ (កាច់សោ.ក) កន្លងមក ហើយបម្រុងនឹងធ្វើសកម្មភាពលួចម៉ូតូបន្តទៀត។
ពេលចុះប្រតិបត្តិការ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ ។
វត្ថុតាងដែលសមត្ថកិច្ចបង្រ្កាបបាន រួមមាន៖ សោសម្រាប់កាច់សោកម៉ូតូចំនួន ០៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោសុវត្ថិភាពចំនួន ០៣គ្រាប់ និងដងទុលលើវីស ចំនួន ០១ដើម ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបម្រុងធ្វើសកម្មភាពលួចម៉ូតូ (កាច់សោក)ពិតប្រាកដមែន ប៉ុន្ដែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមុន ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់