ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងនារី២នាក់ បើករថយន្តមួយគ្រឿងបានបត់ឆ្វេងត្រឡប់ក្រោយលឿនពេកត្រូវម៉ូតូបុកចំហៀងខាងក្រោយដួលបោកនិងសួនចែកផ្លូវរងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បានមកវិញភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ A ចំណុចជិតសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិងនារី២នាក់ បើករថយន្តម៉ាកPRADO មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-2166 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងត្រឡប់ក្រោយលឿនពេក ត្រូវម៉ូតូស៊ុយគីលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-5254
ជិះដោយនារីស្របគ្នាជ្រុលទៅបុកចំហៀងក្រោយខាងឆ្វេងពេញទំហឹងបោកនឹងសួនរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយហេតុការណ៍រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះព្យាមយាមបើករត់ត្រូវកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយនិងបោះដៃតាមវិទ្យុទាក់រហូតដល់ចំណុចគល់ស្ពានប៉េឡេត្រើយខាងកើតទើបឃាត់បានទាំងរថយន្តនិងអ្នកបើកបរតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៌ជើងគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
















មតិយោបល់