ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញនារីវ័យ២៤ឆ្នាំម្នាក់ ដេកជិតម៉ូតូមួយគ្រឿងនិងមានស្មារតីវង្វេងវង្វាន់ នៅលើឃឿនតាមចិញ្ចើមផ្លូវតែម្នាក់ឯងសង្ស័យត្រូវថ្នាំសណ្តំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតបុរីប៉េងហួតប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងពួកគាត់បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន។ លុះជិះមកដល់ចំណុចកើតហេតុក៏ប្រទះនារីម្នាក់ដេកនៅលើដីជិតម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ស្វាយលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FT-9310 នៅត្រង់ចំណុចកើតហេតុខាងលើ។ ពេលនោះកម្លាំងពួកគាត់ក៏បានចូលទៅដាស់សួរនាំ តែនារីខាងលើនោះមានសភាពវង្វេងវង្វាន់បាត់បង់ស្មារតី និយាយមិនដឹងរឿងហាក់ដូចជាត្រូវគេដាក់ថ្នាំសណ្តំ។ បន្ទាន់មកកម្លាំងសមត្ថកិច្ចក៏បានព្យាយាមយកទូរសព្ទដៃរបស់នារីរងគ្រោះខាងលើដើម្បីទាក់ទងរកសាច់ញាតិ តែដោយទូរសព្ទរបស់នារីខាងអស់ថ្ម ទើបមិនអាចទាក់ទងទៅរកសាច់ញាតិនារីរូបនោះបាន។ ហើយក៏មានប្រជាពលរដ្ឋដែលនៅក្បែរខាងនោះ បានជួយយកក្រូចឆ្មារ និងមើមខ្ទឹម មកឲ្យនារីរងគ្រោះបៀមនិងញីមុខដើម្បីឲ្យស្វាងឡើងវិញ។
ប្រភពដដែលបន្តថាលុះអស់រយៈពេលជាងមួយម៉ោងក្រោយមក នារីខាងលើក៏មានស្មារតីតិចៗឡើងវិញ ហើយក៏ទាមទារម៉ូតូពីសមត្ថកិច្ចជិះត្រឡប់ទៅផ្ទះវិញនៅឯម្តុំអធិការដ្ឋាននគរបាលខណ្ឌទួលគោកដោយខ្លួនឯង តែកម្លាំងសមត្ថកិច្ចមិនព្រមប្រគល់ម៉ូតូឲ្យនារីរងគ្រោះនោះទេ ព្រោះដោយឃើញស្ថានភាពរបស់នាងមានភាពទន់ខ្សោយដូចជាមនុស្សស្រវឹងស្រា ឈរទប់ខ្លួនមិននឹង។
បើតាមសម្តីពីនារីខាងបានប្រាប់ទាំងសភាពវង្វេងវង្វាន់ថា រូបនាងមានឈ្មោះ រង្សី អាយុ២៤ឆ្នាំ ស្នាក់នៅម្តុំបឹងសាឡាង ក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ ហើយមុនពេលកើតហេតុសង្សាររបស់នាងបានជិះឌុបរូបនាងមកដល់ចំណុចកើតហេតុ រួចសង្សាររបស់នាងក៏ចាកចេញពីទីនោះដោយទុកនាងចោលនៅកន្លែងកើតហេតុតែឯង។
ក្រោយពេលកើតហេតុដោយនារីរងគ្រោះខាងលើ ទាមទារតែទៅផ្ទះរបស់ខ្លួនវិញដែលនៅម្តុំបឹងសាឡាងក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីក៏ព្រម ជូននារីរូបនោះទៅផ្ទះរបស់នាងវិញ ដែលនៅតាមបណ្តោយផ្លូវ២៦១ ក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តែខណៈពេលដែលទៅដល់គឺសោទ្វារផ្ទះដែលនារីខាងលើ ប្រាប់ថាជាផ្ទះរបស់ខ្លួននោះគឺចាក់មិនត្រូវនោះទេ។ ហើយដោយអស់ជម្រើសកម្លាំងសមត្ថកិច្ចក៏បានដឹកនារីរងគ្រោះខាងលើទៅសម្រាក់នៅគ្លីនិកឯកជនហុងហាក់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាល រងចាំនារីខាងលើនោះដឹងខ្លួនឡើងវិញហើយទាក់ទងទៅសាច់ញាតិនៅពេលក្រោយ៕
មតិយោបល់