ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកដាវកែច្នៃទៅកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវលំ ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យមាន ឈ្មោះ អែម ហ៊ន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ វិន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសរលាត់ស្បែកនិងហើមកំភួនដៃខាងស្តាំ) ។ សម្ភារៈបន្សល់ទុក ៖ ដាវកែច្នៃចំនួន១ដើម ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា នៅចំណុចខាងលើ មានក្មេងស្ទាវ២នាក់កំពុងវាយតប់គ្នា ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា មូលហេតុដែលនាំឲ្យគេយកដាវកែច្នៃទៅកាប់លើទំនាស់នោះគឺកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូមកកិនមេជើងខ្លួនហើយក៏ជិះទៅបាត់លុះដល់ថ្ងៃកើតហេតុខ្លួនឃើញជនរងគ្រោះកំពងឈរនៅមុខផ្ទះក៏ទាញដាវទៅកាប់បណ្តាលឲ្យរងរបួសតែម្តង។ ចំណែកជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ខ្លួនមិនធ្លាប់ស្គាល់ជនសង្ស័យទេហើយក៏មិនបានជិះម៉ូតូទៅកិនមេជើងជនសង្ស័យដែរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។ ចំណែកជនរងគ្រោះត្រូវបងប្អូននាំទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់