ព័ត៌មានជាតិ

ស្ត្រីបុគ្គលិកធនាគារម្នាក់ បើករថយន្តបុករះ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ នៅចំណុចសួនច្បារមុខវត្តបុទុមវតី ផ្លូវ ស៊ូស្រ៊ុន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿង ទៅបុករះកង់បីឥណ្ឌា និងរថយន្ត២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបុរសម្នាក់របួសធ្ងន់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-6775 ១គ្រឿង បើកបរដោយស្ត្រីជាបុគ្គលិករបស់ធនាគារម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេ បានទៅបុកកង់បីឥណ្ឌា១គ្រឿងពេញទំហឹង ខណ:ដែលមានបុរសម្នាក់ កំពុងអង្គុយលេងខាងក្នុង និងអូសទៅបុករថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-4929 និងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-8494 ដែលម្ចាស់ចតទុកចោល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបុរសជាម្ចាស់កង់បីឥណ្ឌា រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយកើតហេតុ បុរសរងគ្រោះ ជាអ្នកបើកបរកង់បីឥណ្ឌា និង ស្ត្រីជាអ្នកបើកបររថយន្តបង្ករបួសស្រាល ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់