កណ្តាលៈ ចោរដៃឆៅ ថ្លើមធំពាសមេឃ ដើរចូលក្នុងផ្ទះលក់ចាប់ហួយមួយកន្លែង យកទ្រព្យសម្បត្តិ តែគេចខ្លួនមិនរួចព្រោះម្ចាស់ផ្ទះដឹងខ្លួន ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋឡោមព័ន្ធចាប់ក្របួចក ប្រគល់ឲ្យនគរបាល កាលពីម៉ោង៧និង៣០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ឈ្មោះជុំ ច័ន្ទតារា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ គ្រូបង្រៀន។ ចំណែកជនល្មើស ឈ្មោះ ផាន់ ចន្នី ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។
ប្រភពបន្តថា ក្រោយពេលកើតហេតុ វត្ថុតាងរបស់ជនគ្រោះរួមមាន៖ ប្រាក់៤០០.០០០រៀល ទូរស័ព្ទដៃ០១គ្រឿងម៉ាកIphone6 កាតទូរស័ព្ទចំនួន ១០០ដុល្លារ។ ចំណែកវត្ថុតារបស់ជនសង្ស័យ ម៉ូតូ០១គ្រឿងម៉ាកសងសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FQ.9224 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក SAMSUNG ពណ៌ស។
គួរបញ្ជាកថា នៅវេលាកើតហេតុខាងលើ ខណៈជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែហូបបាយនៅក្រោយតូបលក់ចាប់ហួយ មុខផ្ទះរបស់ខ្លួន ពេលនោះស្រាប់តែជនល្មើសបានជិះម៉ូតូមកឈប់ខាងមុខតូប ហើយបានចុះដើរចូលទៅក្នុងតូបលួចយកលុយកាតទូរស័ព្ទ និងទូរស័ព្ទរបស់ជនរងគ្រោះដែលទុកថតតុ រួចដើរចេញទៅឡើងជិះម៉ូតូបំរុងបើកចេញ ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកថា ចោរៗ ហើយត្រូវបានជនរងគ្រោះ និងអ្នកជិតខាងដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុខាងលើ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយ និងសម្ភារៈ របស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ន ជនល្មើស រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់