ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អម្ពរ ទេវី កន្ទ្រាក់ការចាប់អារម្មណ៍ក្រោយធ្លាយដំណឹងថតកុន

ភ្នំពេញៈ ក្នុងចំណោមតារាសម្ដែងក្នុងទសវត្សឆ្នាំ៨០ទាំងអស់ គេកត់សម្គាល់ថា តារាសម្ដែងជើងចាស់អ្នកនាងអម្ពរ ទេវី នៅតែខ្លាំងនៅក្នុងពិភពសម្ដែង។ ជាក់ស្ដែងគ្រាន់តែមានដំណឹងថា អ្នកនាងទទួលសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដែលដំណើរការចេញថតនៅថ្ងៃទី៦ ខែកក្កដានេះ គឺ បានធ្វើឲ្យខ្សែរឿងមួយនេះទទួលបានការចាប់អារម្មណ៍ទៅហើយ។

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីអ្នកស្រីពាន់ ភួងបុប្ផា ផលិតកររឿងដែលទើបកុងត្រាចូលផលិតកម្មថោន បានអះអាងអ្នកនាងអម្ពរ ទេវី បានទទួលថតក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដែលនឹងចេញថតនៅដើមខែកក្កដានេះ។ អ្នកស្រីថា អ្នកនាងនឹងចុះពីអាមេរិកមកថតកុននេះ នៅថ្ងៃទី១២ ខែសីហា ដោយមកដល់ថ្ងៃទី១៤ ហើយថ្ងៃទី១៨ ក្នុងខែសីហាដដែលនោះ នឹងដំណើរការចេញថតតែម្ដងរហូតដល់ថ្ងៃទី២៧ចុងខែនឹងឡើងទៅវិញតែម្ដង។ ដំណឹងដែលបានប្រកាសឡើងនេះត្រូវបានគេកត់សម្កាល់ថា មានការសាទរ និងចាប់អារម្មណ៍ពេញទំហឹងក្នុងស្រទាប់មហាជនក្នុងស្រុក ដែលមានន័យថា កេរ្តិ៍ឈ្មោះក្នុងពិភពសម្ដែងរបស់អ្នកនាងនៅតែខ្លាំង។ ធៀបនឹងតារារួមជំនាន់ អ្នកនាងអម្ពរ ទេវី នៅតែលោតជាងគេ ដោយខ្សែរឿងដែលអ្នកនាងទទួលសម្ដែងនេះ គឺមិនទាន់បានចេញថតផង កន្ទ្រាក់បានការចាប់អារម្មណ៍រួចទៅហើយ។ អញ្ចឹងហើយទើបគេរំពឹងថា អ្នកនាងនឹងល្បីក្នុងការបង្ហាញខ្លួនក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»។

ចំណែកអ្នកស្រី ពាន់ ភួង បុប្ផាបញ្ជាក់ អ្នកនាង អម្ពរ ទេវី គឺជាតួសំខាន់ក្នុងរឿង ដោយត្រូវសម្ដែងជាតួជំទាវជាមួយលោកទេព រិន្ទដារ៉ូ ដោយនៅក្នុងរឿងនេះអ្នកស្រីមានជំនឿថា នឹងមិនពិបាកខ្លាំងក្នុងពេលបញ្ចាំងរោងនោះទេដោយសារតែថោនដែលជាអ្នកបោះទុន ក៏មានសេវាផ្សព្វផ្សាយខ្លាំង ហើយរឿងមួយនេះ ក៏ជារឿងដែលបានទទួលសម្ដែងដោយអ្នកនាងអម្ពរ ទេវីដែលនៅមានប្រជាប្រិយភាពក្នុងបេះដូងមហាជនខ្មែរ។

អ្នកស្រីថា កិត្តិយស័ព្ទរបស់តារាស្រីរូបនេះ គឺជាអ្វីដែលផលិតករចង់បានឲ្យមកសម្ដែងតួឯក ហើយអ្នកស្រីក៏យល់ថាជាកិត្តិយសផងដែរ ដែលអ្នកនាងអម្ពរ ទេវីសុខចិត្តទទួលថតរឿងនេះ។ អ្នកស្រីបន្ត អ្នកនាងទទួលថតរឿង«ទឹកចិត្តម្ដាយសម័យថ្មី» គឺដោយសារតែហេតុផលជំពាក់សម្ដី និងជឿជាក់លើស្នាដៃផលិតរបស់អ្នកស្រីប៉ុណ្ណោះ បើសម្អាងរឿងផ្សេងគឺអម្ពរ ទេវី មិនទទួលថតទេ នៅក្នុងកាលៈទេសៈដែលអ្នកនាងរវល់នឹងការងារក្រុមហ៊ុននៅអាមេរិកនេះ៕

មតិយោបល់